សម្តេចតេជោ ហ៊ុន សែន ផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាសធម្មជាតិ- WATERGEN ៥គ្រឿង ដល់មន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ
ភ្នំពេញ ៖ ដោយមើលឃើញអំពីតម្រូវការទឹកស្អាតចាំបាច់បំផុតសម្រាប់មន្ទីរពេទ្យ ជាពិសេសសម្រាប់ពលរដ្ឋ និងអ្នកជំងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាសធម្មជាតិ- WATERGEN ៥គ្រឿង ដល់មន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ម៉ាស៊ីនចម្រុះទឹកស្អាតដែលប្រើបច្ចេកវិទ្យាខ្ពស់ចំនួន ៥គ្រឿង ដល់មន្ទីរពេទ្យចំនួន ៥ រួមមាន ៖ទី១-មន្ទីរពេទ្យគន្ធបុប្ផា ចំនួន១ គ្រឿង ទី២-មន្ទីរពេទ្យកាល់ម៉ែត ចំនួន ១ គ្រឿង
ទី៣-មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំនួន១ គ្រឿង ៤-មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០១ គ្រឿង និង៥-កាកបាទក្រហមកម្ពុជា ចំនួន ០១ គ្រឿង (រួមជាមួយរថយន្តចល័ត និងម៉ាស៊ីងភ្លើងមួយឈុត ក្នុងការធ្វើសកម្មភាពមនុស្សធម៌នៅតាមមជ្ឈដ្ឋានទីសាធារណៈក្នុងប្រទេសកម្ពុជា ដែលអាចនឹងជួបគ្រោះរាំងស្ងួត ឬមានតម្រូវការប្រើប្រាស់ទឹកស្អាតជាចាំបាច់)។
សូមជម្រាបថា នៅព្រឹកថ្ងៃទី ២៨ កក្កដា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណៈការ ជាតំណាង សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអញ្ជើញប្រគល់ម៉ាស៊ីនចម្រោះទឹកខាងលើជូនទៅតំណាងមន្ទីរពេទ្យដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍សាធារណៈ។
សូមបញ្ជាក់ថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ- WATERGEN (ប្រភេទ GEN-M) គឺជាបច្ចេកវិទ្យារបស់ប្រទេសអ៊ីស្រាអែល មានសមត្ថភាពផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស (បានប្រមាណ ៨០០ លីត្រ ក្នុងមួយថ្ងៃ) ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ដែលអាចចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងៗ ថែមទៀតផង៕EB