សម្ដេចតេជោ ហ៊ុន សែន អរគុណបងប្អូន កូន ក្មួយពលករ ដែលយល់ដឹងពីការទប់ស្កាត់នៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអរគុណបងប្អូន និងកូន ក្មួយពលករ ដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ និងពីប្រទេសដទៃៗទៀត ដែលយល់ដឹងពីការទប់ស្កាត់នៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩។
នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានសរសេរថា សូមអរគុណបងប្អូន និងកូន ក្មួយពលករ ដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ និងពីប្រទេសដទៃៗទៀត ដែលយល់ដឹងពីការទប់ស្កាត់នៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដោយបានដាក់ខ្លួននិងក្រុមគ្រួសារឱ្យនៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ ក្នុងពេលដែលរង់ចាំលទ្ធផលនៃការពិនិត្យសុខភាព។
សម្ដេចតេជោបានថ្លែងថា ការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកជាបណ្តោះអាសន្នមួយរយៈនេះ គឺដើម្បីសុខភាពផ្ទាល់ខ្លួនផង និងដើម្បីទប់ស្កាត់ និងកាត់បន្ថយការរីករាលដាលនៃការឆ្លងមេរោគពីគេមកយើងផង និងពីយើងទៅគេផង។ សម្ដេចតេជោក៏សូមឱ្យបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសហការជាមួយមន្ទីរពេទ្យក្នុងករណីមានការសង្ស័យណាមួយ សូមខលលេខ ១១៥៕SP