ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានថវិកាសរុបជិត១៤ លានដុល្លារ ពីការព្រះរាជទាន របស់ព្រះមហាក្សត្រ សម្ដេចម៉ែ និងការបរិច្ចាកពីសំណាក់ សប្បុរសជន និងការចូលរួមវិភាគទាន ស្មគ្រ័ចិត្តតាមរយៈការ បរិច្ចាគបៀវត្ស របស់មន្រ្តីរាជការ នៅក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លង កូវីដ-១៩ ។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សម្ដេចតេជោ បានសរសេរនៅលើបណ្ដាញហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះថា ជនរួមជាតិជាទីគោរព !ក្នុងវិស័យការពារជាតិ យើងមានខឿនការពារជាតិ របស់ប្រជាជនដែលផ្សាភ្ជាប់ ប្រជាជនជាមួយកង កម្លាំងប្រដាប់អាវុធ។ ពេលនេះក្នុងសង្រ្គាម ប្រយុទ្ធប្រឆាំង ជាមួយជំងឺឆ្លងកូវីដ-១៩ យើងពិនិត្យឃើញ ថាយើងមានខឿនការពារ សុខភាព សាធារណៈរបស់ប្រជាជនសារជាថ្មីម្តងទៀត តាមរយៈការចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺ ដ៏កាចសាហាវនេះ។

សម្ដេចបញ្ជាក់ថា “សម្រាប់ការចូលរួមពី សប្បុរសជនដែល នាំមុខដោយព្រះមហាក្សត្រ និងសម្តេចម៉ែ គិតត្រឹមថ្ងៃនេះទទួលបាន នូវជំនួយចំនួន 13,998,698 ដុល្លារ ។ សម្រាប់វិភាគទានស្មគ្រ័ចិត្តតាមរយៈការ បរិច្ចាគបៀវត្ស គិតត្រឹមម៉ោង១៧ថ្ងៃទី ២៤ មេសា២០២០ ម្សិលមុិញមានចំនួន ២២០៦១នាក់ ដែលមានទំហំទឹកប្រាក់ ២៨ ៨១៤ ០២៥ ០០០រៀល។”

សម្ដេចបន្តថា សម្រាប់សកម្មភាពឆ្ពោះទៅជួយប្រជាជន នៅមូលដ្ឋានរាប់ទាំងកម្មករ ចំណាកស្រុកមកពីថៃនិងកម្មករមួយ ចំនួនតូចដែលទៅលេងស្រុកកំណើត ក្នុុងឱកាសចូលឆ្នាំខ្មែរត្រូវបានក្រសួង ស្ថាប័ន គ្រូពេទ្យ មន្ត្រីថ្នាក់ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទយកចិត្តទុកដាក់ដោះស្រាយ បានយ៉ាងល្អ។

សម្ដេចបន្ថែមថា សម្រាប់ប្រជាជនម្នាក់ៗសុទ្ធតែបានរួម ចំណែកទប់ស្កាត់ជំងឺឆ្លងនេះតាមរយៈ ការធ្វើអានាម័យផ្ទាល់ខ្លួននិងតាមក្រុមគ្រួសារតាមការណែនាំ ពីក្រសួងសុខាភិបាល។បងប្អូនចំណាក ស្រុកមកពីថៃនិងកូនក្មួយ កម្មករកម្មការនី ដែលទៅលេងស្រុកក្នុងពេលចូលឆ្នាំ ក៏ត្រូវបានយកចិត្តទុកដាក់ពិនិត្យសុខភាព និងរស់នៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដើម្បីធានាថាមិនមាន កូវីដ-១៩ មកតាមខ្លួនចម្លងចូលទៅក្រុម គ្រួសារឬរោងចក្រ សហគ្រាសនោះ ឡើយ។

សម្ដេចគួសបញ្ជាក់ថា “ពិតមែនតែប្រទេសយើងមិនមានមនុស្ស ស្លាប់និងមិនមានការឆ្លងថ្មីក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ និងបានព្យាបាល បានជាសះស្បើយច្រើនរួចមកហើយក្តី តែបញ្ហាប្រឈមនៅធំធេងណាស់ដែល ត្រូវខិតខំបន្ត។ប្រសិនមិនមានអ្វីជួយដល់ អ្នកជំងឹឬជួយដល់គ្រូពេទ្យតែសូមកុំនាំ ជំងឺឲ្យគ្រូពេទ្យព្យាបាល ដែលជាការ បន្ថែមបន្ទុកដល់គ្រូពេទ្យដល់រដ្ឋនិងជា ពិសេសដល់ខ្លួនឯងនិងក្រុមគ្រួសារ ព្រោះអ្នកជំងឺនឹងរងគ្រោះមុនគេ។”

សម្ដេចបញ្ជាក់បន្ថែមថា ខឿនការពារសុខភាព របស់ប្រជាជនគឺ ជាគោលនយោបាយ គន្លឹះក្នុងសមរភូមិ ប្រយុទ្ធជាមួយ ជំងឺឆ្លងដ៏កាចសាហាវនេះ ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ