អាជ្ញាធរប៉ាគីស្ថានឃាត់ខ្លួនមនុស្សជិត១ពាន់នាក់ ក្រោយបាតុកម្មទាមទារឱ្យដោះលែង អតីតនាយករដ្ឋមន្រ្តី Imran Khan
ប៉ាគីស្ថាន ៖ ប៉ូលិសប៉ាគីស្ថានបានឱ្យដឹងថា អាជ្ញាធរបានឃាត់ខ្លួនមនុស្សសរុបជិត ១០០០នាក់ ដែលបានសម្រុកចូលរដ្ឋធានីអ៉ីស្លាម៉ាបាដ ក្នុងសប្តាហ៍នេះ ដើម្បីធ្វើបាតុកម្មទាមទារ ឱ្យដោះលែង អតីតនាយករដ្ឋមន្រ្តី លោក Imran Khan ដែលកំពុងជាប់ឃុំឃាំង ក្នុងពន្ធនាគារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
យ៉ាងណាក្តី មេប៉ូលិសទីក្រុងអ៊ីស្លាម៉ាបាដ លោក Ali Rizvi បានប្រកែកថា ពុំមានការប្រើប្រាស់គ្រាប់កាំភ្លើងពិតឡើយ អំឡុងការបំបែកក្រុមបាតុករ ដែលត្រូវបានធ្វើឡើង ក្រោមការសហការ ជាមួយកងកម្លាំងទាហានប៉ារ៉ា។ អំឡុងការប៉ះទង្គិចគ្នា ក៏មានកងកម្លាំងសន្តិសុខ និងបាតុករមួយចំនួន បាត់បង់ជីវិតផងដែរ។ សម្រាប់ពេលនេះ សកម្មភាពតវ៉ា របស់ក្រុមអ្នកគាំទ្រ លោក Khan ត្រូវបានផ្អាកទៅវិញ។
សូមបញ្ជាក់ថា បើតាមលោក Rizvi បាតុករចំនួន៦០០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការកាលពីថ្ងៃអង្គារសប្តាហ៍នេះ ធ្វើឱ្យចំនួនសរុប គិតចាប់តាំងពីបាតុកម្មបានចាប់ផ្តើម កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន កើនដល់៩៥៤នាក់។ មិនតែប៉ុណ្ណោះ លោក Rizvi បានអះអាងថា កាំភ្លើងស្វ័យប្រវត្តិ និងកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ត្រូវរឹបអូសបានពី កន្លែងដែលក្រុមបាតុករ រាប់ពាន់នាក់ប្រមូលផ្តុំគ្នា។
គួរបញ្ជាក់ដែរថា លោក Imran Khan ត្រូវបានសភាប៉ាគីស្ថាន បោះឆ្នោតទម្លាក់ពីអំណាច កាលពីឆ្នាំ២០២២ ក្រោយឡើងកាន់តំណែងនៅឆ្នាំ២០១៨។ លោក Khan បានជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ ចាប់តាំងពីខែសីហា ឆ្នាំ២០២៣ ក្រោមបទចោទប្រកាន់អំពើពុករលួយ៕