អន្តរជាតិ៖ ប្រភពពីមន្ត្រីអាមេរិកពីររូប បាននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden កំពុងរៀបចំកញ្ចប់សព្វាវុធតម្លៃ ៧២៥ លានដុល្លារសម្រាប់អ៊ុយក្រែន ខណៈប្រធានាធិបតីជិតអស់អាណត្តិរូបនេះកំពុងស្វះស្វែងជំរុញរដ្ឋាភិបាលក្នុងទីក្រុងគីវ មុនពេលចាកចេញពីតំណែងក្នុងខែមករា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ វិច្ឆិកា ២០២៤។

យោងតាមមន្ត្រីម្នាក់ដែលដឹងពីផែនការនេះបាននិយាយថា រដ្ឋបាលលោក Biden គ្រោងនឹងផ្តល់អាវុធប្រឆាំងរថក្រោះជាច្រើនប្រភេទពីឃ្លាំងស្តុករបស់សហរដ្ឋអាមេរិក ដើម្បីវាយលុកដល់កងទ័ពដែលកំពុងវាយរុលរបស់រុស្ស៊ី រួមទាំងគ្រាប់មីន យានដ្រូន មីស៊ីលស្ទីងជើ (Stinger) និងគ្រាប់រំសេវ សម្រាប់ប្រព័ន្ធរ៉ូកែតកាំភ្លើងធំចល័តខ្ពស់ (HIMARS)។

កញ្ចប់នេះក៏ត្រូវបានគេរំពឹងថានឹងរួមបញ្ចូលគ្រាប់បែកចង្កោម ដែលជាធម្មតាត្រូវបានរកឃើញនៅក្នុង ប្រព័ន្ធបាញ់រ៉ូកែតពហុជំនាញ (GMLRS) បាញ់ដោយជើងទម្រ HIMARS នេះបើយោងតាមការជូនដំណឹងដែលមើលឃើញដោយសារព័ត៌មាន។

មន្ត្រីម្នាក់និយាយថា ការជូនដំណឹងជាផ្លូវការទៅកាន់សភាអំពីកញ្ចប់សព្វាវុធនេះអាចកើតមាននៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ហើយទំហំនៃកញ្ចប់អាចផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ មុនពេលការចុះហត្ថលេខាដែលរំពឹងទុករបស់លោក Biden៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ