ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងកំពុងខិតខំប្រឹងប្រែងបង្កើនសន្ទុះ និងពង្រីករោងចក្រផលិតអាវុធសំខាន់ៗ ដែលផ្ដោតលើប្រភេទមីស៊ីលរយៈចម្ងាយខ្លី ដែលរុស្ស៊ីប្រើវាយប្រហារប្រឆាំងអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី២៨ វិច្ឆិកា ២០២៤។

ក្រុមអ្នកស្រាវជ្រាវនៅស្ថាប័ន Think Tank មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានសន្និដ្ឋានដោយផ្អែកលើរូបភាពពីផ្កាយរណបថា ទីតាំងផលិតអាវុធនោះ ត្រូវបានគេស្គាល់ថា ជារោងចក្រ១១កុម្ភៈ គឺជាផ្នែកមួយនៃរោងចក្រ រី អុងសុង ម៉ាស៊ីន ខំផ្លិច នៅទីក្រុងហាំហ៊ុង ដែលជាទីក្រុងធំទីពីររបស់កូរ៉េខាងជើង នៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសនេះ។

លោក Sam Lair ដែលជាសហការីស្រាវជ្រាវនៅមជ្ឈមណ្ឌល James Martin សម្រាប់ការសិក្សាការមិនរីកសាយភាយអាវុធ (CNS) មានទីតាំងនៅសហរដ្ឋអាមេរិក បាននិយាយថា ទីតាំងនោះគឺជារោងចក្រតែមួយគត់ ដែលផលិតមីស៊ីលដំណើរការដោយឥន្ធនៈរឹងប្រភេទ Hwasong-11។

យ៉ាងណាមិញ ការបង្កើនសន្ទុះផលិតមីស៊ីលនៅក្នុងរោងចក្រនេះ មិនត្រូវបានគេរាយការណ៍កាលពីពេលកន្លងទៅនោះទេ។ ទន្ទឹមគ្នា ទាំងរុស្ស៊ី និងកូរ៉េខាងជើង ក៏បានបដិសេធថា កូរ៉េខាងជើងពុំបានបញ្ជូនសព្វាវុធឱ្យរុស្ស៊ីប្រើក្នុងសង្រ្គាមអ៊ុយក្រែនទេ។

គួរឲ្យកត់សម្គាល់ គឺរុស្ស៊ី និងកូរ៉េខាងជើង ទើបបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែមិថុនា ហើយបានសន្យាជំរុញទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ