នាយករដ្ឋមន្ដ្រីកម្ពុជា អំពាវនាវសុំការយោគយល់ពី បងប្អូនខ្មែរឥស្លាម ចំពោះផ្អាកការជួបជុំស្រាយបួសរ៉ាម៉ាឌន
ភ្នំពេញ៖ នៅក្នុងដំណាក់កាល ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារអំពាវនាវ សុំឲ្យមានការយោគយល់ពីសំណាក់ បងប្អូនសាសនិកខ្មែរឥស្លាម ដែលត្រូវលុបកម្មវិធី ជួបជុំស្រាយបួសរ៉ាម៉ាឌន ថ្នាក់ជាតិលើកទី៧ ដែលបានគ្រោងធ្វេីថ្ងៃទី២៩ ខែ មេសា ២០២០ខាងមុខនេះ។
សម្ដេចតេជោបានសរសេរ នៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះថា “ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំនិងភរិយាសូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាម នៅទូទាំងពិភពលោកផងដែរ ដែលបានចូល បួសខែរ៉ម៉ាឌន ដែលនៅកម្ពុជា នឹងចាប់ផ្ដើមនៅថ្ងៃសុក្រ ទី១ ខែរ៉ម៉ាឌន ឆ្នាំ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ដែលត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២០។”
សម្តេចបន្តក៏បានផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព ហើយមានជំនឿ ជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក រួមនឹង ប្រជាជនកម្ពុជា ។
ជាមួយគ្នានេះសម្ដេច ក៏សូមអធ្យាស្រ័យ សុំការយោគយល់ពីបងប្អូន សាសនិកខ្មែរឥស្លាម ដែលត្រូវលុបកម្មវិធី ជួបជុំស្រាយបួសរ៉ាម៉ាឌន ថ្នាក់ជាតិលើក ទី៧ ដែលបានគ្រោងថ្ងៃទី២៩ ខែ មេសា ២០២០ ការផ្អាកការថ្វាយបង្គំនៅតាមវិហារ ស៊ូរ៉ាវ ការជួបជុំលក្ខណៈសាសនា និង សុំបន្កការអនុវត្ត តាមសារាចរណែនាំ ពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំ របស់ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនា ឥស្លាមកម្ពុជា ទៅតាមគោលការណ៍ របស់រាជរដ្ឋាភិបាល បើទោះបីនៅក្នុងប្រទេសកម្ពុជាយើង ហាក់មានសភាពធូរស្រាល ប៉ុន្តែយើងមិនត្រូវភ្លេចខ្លួន និង ធ្វេសប្រហេស មើលស្រាលដល់ជំងឺ ដ៏កាចសាហាវនេះឡើយ គឺត្រូវរួមគ្នាការពារជាប់ជានិច្ច ។
ឆ្លៀតក្នុងឱកាសនេះផងដែរ សម្ដេចក៏បាន បួងសួង សុំឲ្យបងប្អូនទាំងអស់ ទទួលបាននូវសេចក្តីសុខស្លាម៉ាត់ ករុណារ៉ោះម៉ាត់ និង ចំរើនញ្ហរ៉កាត់គ្រប់ៗគ្នាពីព្រះអល់ឡោះ និង សុំឱ្យព្រះអល់ឡោះ ទទួលយកនូវកុសលផលបុណ្យ ខែបួសរ៉ម៉ាឌន ទាំងអស់ដែលបងប្អូនបានប្រតិបត្តិ សាងឡើងកុំបីអាក់ខានឡើយ ៕E B