សេអ៊ូលរងការវាយប្រហារពីព្យុះព្រិលដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងពេល៥០ឆ្នាំ
បរទេស៖ ក្នុងរយៈពេលកន្លះសតវត្សរ៍ ព្យុះព្រិលដ៏ធ្ងន់ធ្ងរបំផុត នៅខែវិច្ឆិកានេះ ដោយបានបោកបក់ ទៅលើរដ្ឋធានីសេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូង នាំឲ្យបញ្ឈប់ជើងហោះហើរយន្តហោះរាប់រយលើក និងប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់អ្នកដំណើរ នៅតាមដងផ្លូវនានា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Economic Times នៅថ្ងៃទី២៨ វិច្ឆិកា ២០២៤។
ទីភ្នាក់ងារអាកាសធាតុកូរ៉េខាងត្បូងបាននិយាយថា ព្រិលធ្លាក់កម្រិត ២០សង់ទីម៉ែត្របានធ្លាក់ នៅតំបន់ភាគខាងជើង នៃទីក្រុងសេអ៊ូល និងតំបន់ក្បែរនោះ។ ទីភ្នាក់ងារមួយនេះបាននិយាយថា វាគឺជាព្យុះព្រិលដ៏ខ្លាំងបំផុត ដែលទីក្រុងសេអ៊ូលបានជួបប្រទះ ក្នុងរយៈពេល ៥២ឆ្នាំ។ ទីក្រុងសេអ៊ូល ធ្លាប់រងគ្រោះពីព្យុះដ៏ក្រក់ស្រដៀងគ្នានេះ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៧២ ដោយពេលធ្លាក់ព្រិល កម្ពស់កម្រាស់ ១២សង់ទីម៉ែត្រ នៅក្នុងរដ្ឋធានីសេអ៊ូល។
ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង បាននិយាយថា មនុស្សម្នាក់បានស្លាប់ និងបួននាក់ផ្សេងទៀត បានរងរបួសអំឡុងគ្រោះថ្នាក់ចរាចរណ៍ចំនួន៦លើក នៅក្នុងទីក្រុង Hongcheon ភាគខាងកើត ប្រទេសកូរ៉េខាងត្បូង។
ព្យុះនេះបានគ្របដណ្តប់ប្រទេសជាច្រើនកន្លែង មាននៅតំបន់កណ្តាលភាគខាងកើត និងភាគនិរតីមានព្រិលធ្លាក់ប្រហែលពី១០ ទៅ២៣ សង់ទីម៉ែត្រ។
យ៉ាងហោចណាស់ ជើងហោះហើរចំនួន ២២០លើក ត្រូវបានលុបចោល ឬ ពន្យារពេល នៅតាមអាកាសយានដ្ឋាន ទូទាំងប្រទេស ខណៈដែលអាជ្ញាធរបានបញ្ជាឱ្យសាឡាងចម្លង ប្រហែល៩០គ្រឿង កុំចាកចេញពីកំពង់ផែ។ ពួកគេក៏បានបិទផ្លូវដើរ រាប់រយកន្លែង ទៀតផង។ បុគ្គលិកសង្គ្រោះបន្ទាន់ទូទាំងប្រទេសបានចេញប្រតិបត្តិការឆ្លើយតប ទៅនឹងករណីដើមឈើ, ស្លាកសញ្ញា និងហានិភ័យសុវត្ថិភាពផ្សេងៗទៀត៕