ភ្នំពេញ ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ដើម្បីកុំឱ្យបដិវត្តន៍ពណ៌មិនអាចកើតមានឡើង គឺឱ្យយុវជនស្គាល់អំពីតម្លៃរបស់ជាតិ ស្គាល់ពីវប្បធម៌ ចាក់ស៉ីជម្រៅទៅក្នុងក្រអៅបេះដូង ចំណុចនេះគឺគ្មានបរទេសណាអាចលូកដៃចូល ដើម្បីបង្កើតឱ្យមានបដិវត្តន៍ពណ៌បាននោះទេ។

ការលើកឡើងបែបនេះរបស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញបិទវេទិកាភ្នំពេញ លើកទី៣ ក្រោមប្រធានបទ «បដិវត្តន៍ពណ៌និងសណ្ដាប់ធ្នាប់ពិភពលោ កដែលកំពុងមានការវិវត្ត:បញ្ហាប្រឈមចំពោះអធិបតេយ្យនិងលទ្ធិប្រជាធិបតេយ្យ» នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នារាជបណ្ឌិតសភាកម្ពុជា។

លោកបណ្ឌិត សុខ ទូច បានឱ្យដឹងថា បញ្ហាពិភពលោក គឺប្រែប្រួលដោយសារតែផលប្រយោជន៍ ដូច្នេះ ដើម្បីឱ្យសង្គមមានស្ថិរភាពត្រូវរៀបចំសង្គម សេដ្ឋកិច្ច និងច្បាប់ឱ្យបានរឹងមាំ។ ហើយតម្លៃនៃការអប់រំ គឺដើរតួនាទីសំខាន់ខ្លាំងណាស់ សម្រាប់សង្គមជាតិ។

លោកបណ្ឌិត សុខ ទូច បានថ្លែងថា ការបញ្ជូនកូនឱ្យទៅសិក្សានៅបរទេស ហើយមានមោទកភាពចំពោះបរទេស ប៉ុន្តែ ជាតិខ្មែរ អត់បានបង្រៀនផង ហើយយុវជនបែរជាមិនបានស្គាល់ និងដឹងអ្វីច្បាស់ពីគុណតម្លៃរបស់ជាតិខ្មែរនោះនឹងបង្កបញ្ហាធ្ងន់ធ្ងរសម្រាប់សង្គមជាតិ។

លោកបណ្ឌិត សុខ ទូច បានលើកឡើងយ៉ាងដូច្នេះថា៖ «ដូច្នេះ ដើម្បីកុំឱ្យបដិវត្តន៍ពណ៌មិនអាចកើតមានឡើង គឺឱ្យយុវជនស្គាល់អំពីតម្លៃជាតិរបស់យើង ឱ្យស្គាល់អំពីវប្បធម៌របស់យើង ចាក់ស៉ីជម្រៅទៅក្នុងក្រអៅបេះដូងរបស់ជាតិយើង បដិវត្តន៍គ្មានបរទេសណាលូកចូលបាននោះទេ តែបើសិនជាគាត់ឱ្យអត់យល់ គាត់អត់ដឹងឃើញហាំប៊ឺហ្គ័រ គាត់ស្ទុះភ្លាម ភ្លេចនំបញ្ចុក ឃើញគឹមឈី ភ្លេចភ្លាមជ្រកខ្មែរ នេះដែលយើងត្រូវការផ្តល់តម្លៃឱ្យយល់ ឱ្យដឹង ឱ្យលឺ ឱ្យស្គាល់ពីតម្លៃរបស់ជាតិ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ