ក្រុមការងាររបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ពិចារណារៀបចំជំនួបកំពូលសាជាថ្មីជាមួយលោក គីម ជុងអ៊ុន
វ៉ាស៊ីនតោន ៖ ក្រុមការងាររបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump កំពុងពិភាក្សាអំពីលទ្ធភាពរៀបចំកិច្ចចរចាដោយផ្ទាល់សាជាថ្មីរវាងលោក Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី២៨ វិច្ឆិកា ២០២៤។
ប៉ុន្តែគិតមកទល់ពេលនេះ លោក Trump នៅពុំទាន់ធ្វើការសម្រេចចិត្តចុងក្រោយទេ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់សម្ដីអ្នកដែលដឹងអំពីបញ្ហានេះថា គោលដៅដំបូងរបស់លោក Trump គឺចង់ធ្វើការរួមគ្នាឡើងវិញជាមូលដ្ឋាន។
ចំណែកប្រភពមួយទៀតបានបង្ហើបឲ្យដឹងថា មេដឹកនាំទាំងពីរត្រូវបានរំពឹងថា នឹងពិភាក្សាពីបញ្ហាមួយចំនួន មានដូចជាភាពតានតឹងនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន។
លោក Trump បានជួបប្រជុំចំនួន ៣លើកជាមួយលោក Kim អំឡុងពេលលោកកាន់តំណែងជាប្រធានាធិបតីកាលពីឆ្នាំ ២០១៧-២០២១ ក្នុងនោះរួមមាននៅឯប្រទេសសិង្ហបុរី ទីក្រុងហាណូយ ប្រទេសវៀតណាម និងនៅព្រំដែនកូរ៉េ។ លោក Trump សង្ឃឹមថា នឹងមានការរីកចម្រើនក្នុងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
គួររម្លឹកផងដែរថា ជំនួបរវាងលោក Trump និងលោក Kim នៅក្នុងឆ្នាំ ២០១៨ នៅប្រទេសសិង្ហបុរី គឺជាជំនួបកំពូលលើកដំបូងដែលមិនធ្លាប់មានរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។ ប៉ុន្តែប្រទេសទាំងពីរបានបរាជ័យក្នុងការបង្រួមការខ្វែងគំនិតគ្នា ហើយមិនមានការរីកចម្រើនអ្វីឡើយចំពោះទំនាក់ទំនងទ្វេភាគី៕RT