នាយករដ្ឋមន្ត្រីកម្ពុជា ផ្ដាំផ្ញេីថា ជំងឺកូវីដ-១៩ គឺជាជំងឺរាត្បាតដ៏កាចសាហាវ មកទល់ពេលនេះ គ្មានថ្នាំព្យាបាលឡើយ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំផ្ញេីថា ត្រូវតែមានការប្រុងប្រយ័ត្ន ចំពោះសុវត្ថិភាពសុខភាពជាប្រចាំ ហើយចង់ចាំគ្រប់ពេលថា ជំងឺកូវីដ-១៩ គឺជាជំងឺរាត្បាតដ៏កាចសាហាវបំផុត ជាពិសេស មកទល់ពេលនេះ គ្មានថ្នាំលេប ឬចាក់ ព្យាបាល នៅឡើយទេ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរ នៅលេីបណ្ដាញសង្គម ហ្វេសប៊ុក នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ថាទោះបីពេលនេះ កម្ពុជាគ្មានការដាក់បម្រាម ហាមឃាត់តឹងតែង ក្នុងការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយក្តី ប្រជាពលរដ្ឋ មានត្រូវប្រុងប្រយ័ត្ន គ្រប់ពេលវេលា។
សម្ដេចតេជោ មានប្រសាសន៍ថា "បងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នយកចិត្តទុកដាក់ចំពោះសុវត្ថិភាពសុខភាពជាប្រចាំ ហើយត្រូវចងចាំគ្រប់ពេលថា ជំងឺឆ្លងកូវីដ-១៩ គឺជាជំងឺឆ្លងរាត្បាតដ៏កាចសាហាវបំផុត ដែលក្នុងតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះវាអាចបង្កវិនាសកម្មបានយ៉ាងឆាប់រហ័សបំផុត មកទល់ពេលនេះ គ្មានថ្នាំលេបឬចាក់ព្យាបាលនៅឡើយទេ"។
សម្ដេចតេជោ ណែនាំ ថាប្រជាពលរដ្ឋយកជាប់ជាមួយនូវម៉ាស ទឹកអាល់កុល ឬជិលសម្លាប់មេរោគ និងបាក់តេរី ហើយឧស្សាហ៍ដុសលាងសម្អាតដៃជាប្រចាំ។សម្ដេចថា សូមកុំឲ្យមានការសោកស្តាយធ្លាក់មកលើខ្លួន និងក្រុមគ្រួសារអោយសោះ ដោយសារតែការធ្វេសប្រហែស និងមើលស្រាល ជំងឺឆ្លងកូវីដ-១៩។
សម្ដេចតេជោ បន្ថែមថា "យើងចូលរួមទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ-១៩ ដោយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល"។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា បានជាសះស្បើយកើនឡើងរហូតដល់១០៥នាក់ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះ មកត្រឹមចំនួន១៧នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕E B