ពេលនេះ លោក ទូច ធារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តព្រៃវែង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងបច្ចុប្បន្នភាព នគរបាលខេត្តព្រៃវែងចំនួន ៧នាក់ ដែលបានអនុវត្តភារកិច្ចលើសព្រំដែន នៃក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យរបស់កងកម្លាំងនគរបាលជាតិ។ នេះ ករណីនេះ ស្នងការដ្ឋាន នគរបាលខេត្តព្រៃវែងបំភ្លឺដូចតទៅ៖
១៖ លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីសម្រេច ដាក់វិន័យដោយរូបភាពផ្អាកការងារបណ្ដោះអាសន្ន ចំពោះមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងចំនួន០៧នាក់ ដោយរង់ចាំការសម្រេចជាថ្មី។
២៖ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានកសាងសំណុំ រឿងតាមនីតិវិធីចំពោះករណីលោក ទូច ធារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿង ញៀន បញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង កាលពីថ្ងៃទី៣០ ខែកក្កដា ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
៣៖ អំឡុងឆ្នាំ ២០១៩ លោក ថោង វណ្ណឌី ស្នងការរងទទួលការងារ គ្រឿងញៀន ធ្លាប់បានជាប់ចោទពីបទជួញដូរអាវុធដោយគ្មានការអនុញ្ញាត ប៉ុន្តែចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី ភ្នំពេញពុំបានរកឃើញភស្តុតាងដាក់បន្ទុកនោះឡើយ និងបានសម្រេចលើកលែងការចោទប្រកាន់តាមដីកាដំណោះស្រាយ របស់សាលាដំបូងរាជធានីភ្នំពេញ។
ថ្មីៗនេះលោក នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចផ្អាកការងារបណ្តោះអាសន្នរបស់ស្នងការរង និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងទទួលបន្ទុកការងារគ្រឿងញៀន ចំនួន៧រូប បន្ទាប់ពីពួកគេបានប្រើហិង្សា និងយកលុយប្រមាណ៤លានរៀល ពីជនសង្ស័យពេលចុះបង្ក្រាបករណីគ្រឿងញៀន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចមុខក្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង៕SP