ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឱ្យម្ចាស់គណនីហ្វេសប៊ុក Mey Mey ចូលមកបំភ្លឺ ចំពោះការប្រមាថមាក់ងាយ មកលើមន្រ្តីនគរបាល
ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណៈជន ពិសេសបងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថានៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២០នេះបានកត់សម្គាលឃើញមានគណនីហ្វេសប៊ុកឈ្មោះ MeyMey បានផុសPoste រូបភាពដែលក្នុងរូបភាពនេះបានថតរូប មនុស្សស្រីចំនួន០២នាក់ហើយនៅខាងចុងនៃរូបភាពចំនួន០២សន្លឹកនោះមានរូបភាពដែលម្ចាស់គណនីបានគូរ ជារង្វង់ និងគូសទិសបង្ហាញឱ្យឃើញរូបមន្រ្តីនគរបាលចរាចរណ៍កំពុងឈរបំពេញភារកិច្ចរបស់ខ្លួនស្របតាមការចាត់តាំងនិងជំនាញវិជ្ជាជីវៈនៅលើដងផ្លូវ។
នៅខាងលើរូបភាពទាំងនេះម្ចាស់គណនីហ្វេសប៊ុកដដែលបានសរសេរជាប្រធានបទចំពោះរូបភាពនេះ ថា “ទៅមិនទាន់ដល់ផងមានសត្វចម្លែកនៅខាងមុខកាក់ផ្លូវ បើបងប្អូនណាចង់មកលេងប្រាសាទបាណន់ប្រយ័ត្នប្រយែងផង”។ ក្នុងរូបភាពដែលម្ចាស់គណនីបានបង្ហាញនោះគឺពិតជាមន្រ្តីនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដែលលោកកំពុងឈរបំពេញភារកិច្ចស្របតាមតួនាទី និង ការចាត់តាំងរបស់ថ្នាក់ដឹកនាំ ហើយតាមរយៈខ្លឹមសារដែលបានសរសេរដោយម្ចាស់គណនីហ្វេសប៊ុកខាងលើគឺពិតជាមានចេតនា ប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរចំពោះមន្រ្តីនគរបាលចរាចរណ៍ដែលលោកកំពុងឈរបំពេញភារកិច្ចនៅទីនោះយ៉ាងពិតប្រាកដ។
ក្នុងនាមថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មិនអាចទទួលយកបានឡើយ នូវខ្លឹមសារ បែបប្រមាថមាក់ងាយដល់មន្រ្តីនគរបាលជាតិបែបនេះ ជាមួយនេះស្នើឱ្យម្ចាស់គណនីហ្វេសប៊ុកខាងលើចូលមកបំភ្លឺនៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឱ្យបានច្បាស់លាស់ពិតប្រាកដអំពីគោលបំណងនឹងខ្លឹមសារពិតដែលខ្លួនបានសរសេរ ក្នុងករណីម្ចាស់គណនីខាងលើមិនបានចូលខ្លួនមកបំភ្លឺការពិតនោះទេ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានវិធានការបន្ត។
យើងខ្ញុំសូមគោរពជម្រាបជូនថាការអនុវត្តរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី០១ ខែឧសភាឆ្នាំ២០២០រហូតមក មន្រ្តីនគរបាលចរាចរណ៍បានអនុវត្ត ដោយត្រឹមត្រូវស្របតាមតួនាទីនិងភារកិច្ចរបស់ខ្លួនក្រោមការណែនាំរបស់រាជរដ្ឋាភិបាល របស់ក្រសួងមហាផ្ទៃ និងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ រីឯការពង្រឹងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះមានបំណងតែមួយគាត់គឺសំដៅការពារឱ្យបាននូវករណីគ្រោះថ្នាក់ចរាចរណ៍ ការពារនូវអាយុជីវិត បងប្អូនដែលប្រើប្រាស់ផ្លូវ ប្រើប្រាស់យានយន្តទាំងអស់ មិនមែនមានហេតុផលដូចការលើកឡើងពីមជ្ឈដ្ឋានអគតិណានោះឡើយ សូមបងប្អូនចូលរួមគោរពច្បាប់ដោយត្រឹមត្រូវទៅនោះ មិនមានទទួលរងនូវការផាកពិន័យអ្វីទាំងអស់ពីមន្ត្រីនគរបាលចរាចរណ៍។
ដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជនពិសេសបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបនិងសូមមេត្តាចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាពបំផុត៕SS