មិនរង់ចាំយូរ លោកស្នងការខេត្តកណ្តាល បញ្ជាអោយទាហានវៀតណាម រុះរើតង់ចេញពីបន្ទាត់ព្រំដែនជាតំបន់ ស ក្រោយរកឃើញមានតង់វៀតណាមចំនួន៩បានសង់
កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល បានដឹកនាំកម្លាំងចុះទៅពិនិត្យតាមបន្ទាត់ព្រំដែនប៉ុស្ដិ៍ដំបូកចែវដោយថ្មើរជើងទាំងទៅទាំងមកជិត១០គីឡូម៉ែត្រ ដោយបានឃើញទាហានវៀតណាមបានសាងសង់ស្តង់បណ្តោះអាសន្ន ដើម្បីជាការទប់ស្កាត់កូវីដ-១៩ ដោយក្នុងនោះមានតង់ចំនួន៩កន្លែង នៅក្នុងតំបន់ ស ។ ភ្លាមៗលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល បានឱ្យភាគីវៀតណាម រុះរើតង់ចេញឲ្យឆ្ងាយពីបន្ទាត់សក្រោយពីពិនិត្យជាក់ស្ដែងឃើញថា ខាងភាគីវៀតណាមបានសាងសង់តង់ចំនួន៩កន្លែង និងចងជាអង្រឹងចូលក្នុងតំបន់ស ក៏កម្លាំងប្រាប់ទៅខាងវៀតណាមរុះរើ និងដកថយក្រោយឲ្យបានឆ្ងាយពីបន្ទាត់ព្រំដែនជាតំបន់ស។
សុំបញ្ជាក់ថា ប៉ុស្ដិ៍ព្រំដែនដំបូកចែវមានគោលដៅ២ប៉ុស្ដិ៍បន្ថែមទៀត ដើម្បីធ្វើយ៉ាងរក្សាសន្ដិសុខ ស្ថេរភាព និងទប់ស្កាត់បង្ការ បទល្មើសតាមបន្ទាត់ព្រំដែន ។ បន្ទាប់ពីដើរពិនិត្យរួចមក លោកស្នងការ ក៏បានជម្រុញឲ្យលោកមេបញ្ជាការលេខ៦០៥ បញ្ជាកម្លាំងប៉ុស្ដិ៍តាមបន្ទាត់ព្រំដែនដើរល្បាតជាប្រចាំ តាមបន្ទាត់ព្រំដែនជាតំបន់ស ធ្វើយ៉ាងណារក្សាសន្ដិសុខ និងពិនិត្យមើលការបោះតង់ ក៏ដូចជាយកគោក្របីមកចងនៅតំបន់សនោះ ។ ជាមួយគ្នានោះដែរ លោកស្នងការ ក៏បានឧបត្ថម្ភដល់ប៉ុស្ដិ៍គោលដៅក្នុងមួយប៉ុស្ដិ៍ទទួលបាន១លានរៀលផងដែរ ៕ដោយPP