រឿងធំបាត់!! លោក នេត សាវឿន ផ្អាកការងារប៉ូលីសខេត្តព្រៃវែង ៧នាក់ ជាបណ្តោះអាសន្នពាក់ព័ន្ធករណីប្រើអំពើហិង្សាបង្កឱ្យមានរបួសស្នាម
លោក នេត សាវឿន អគ្គស្នងការនគបាលជាតិបានសម្រេច ផ្អាកការងារមន្ដ្រីនគរបាលជាតិចំនួន០៧នាក់ ជាបណ្តោះអាសន្ននេះពាក់ព័ន្ធនិងការប្រើអំពើហិង្សាកើតឡើងបង្កឲ្យមានរបួសស្នាមលើមុខសញ្ញាសង្ស័យប្រើប្រាស់គ្រឿងញៀន២នាក់។ មន្ដ្រីនគរបាលទាំង៧នាក់នោះរួមមាន ៖
១-ឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី ស្នងការរងទទួលផែនការងារគ្រឿងញៀន
២-វរសេនីយ៍ឯក ពៅ ជីវន នាយការិយាល័យប្រឆាំងគ្រឿងញៀន
៣-អនុសេនីយ៍ឯក ទូច ធារ៉ា នាយការិយាល័យប្រឆាំងគ្រឿងញៀន
៤-អនុសេនីយ៍ឯក ស៊ី បូ នាយផ្នែក នៃការិយាល័យប្រឆាំងគ្រឿងញៀន
៥-អនុសេនីយ៍ឯក ហេង ចាន់រតនា មន្ត្រី នៃការិយាល័យប្រឆាំងគ្រឿងញៀន
៦-អនុសេនីយ៍ឯក សៀក ចានធឿន មន្ត្រីនៃ ការិយាល័យប្រឆាំងគ្រឿងញៀន
៧-អនុសេនីយ៍ទោ យុន តារាភ័ស្ត មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន ។
ពាក់ព័ន្ធនឹងការសម្រេចដាក់ពិន័យចំពោះមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដោយសារតែ÷កាលពីថ្ងៃទី២០ ខែកក្កដា វេលាម៉ោង ២០: ៣០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលមាននគរបាលពាក់ស័ក្ដិ៣ ម្នាក់ ឈ្មោះ ទូច ធារ៉ា ជាអនុប្រធានការិយាល័យ ប្រឆាំងគ្រឿងញៀនបានចាប់ជនសង្ស័យ២នាក់ មកធ្វើទារុណកម្ម ដោយវាយនឹងស្នាប់កាំភ្លើងផង ឆក់នឹងដំបងឆក់ផង ដើម្បីជំរិតយកលុយ៤លានរៀល ជាថ្នូរនឹងការដោះលែង ។
ក្រោយពីព័ត៌មាននេះបែកធ្លាយ មន្ត្រីនគរបាលពាក់ស័ក្ដិ៣រូបនេះ ក៏យកលុយ៤ លានរៀលសងយុវជនរងគ្រោះវិញ តែយុវជនរងគ្រោះមិនទទួល ហើយសំណូមពរឲ្យយចាត់វិធានការច្បាប់ចំពោះ លោកស័ក្តិ៣ ទូច ធារ៉ានេះ ។
គួរបញ្ជាក់ថា កាលពីពេលកន្លងមក លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានដាក់បទបញ្ជាឲ្យថ្នាក់ដឹកនាំនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ត្រូវពង្រឹងការអនុវត្តន៍វិន័យរបស់កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស និងមិនលើកលែងដាច់ខាតចំពោះមន្ត្រីនគរបាលណាម្នាក់ដែលប្រព្រឹត្តខុសពីវិន័យ និងវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ និងអាចឈានដល់ការអនុវត្តនីតិវិធីច្បាប់ទៀតផង៕SP