ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជា អ្នកនាំពាក្យ អគ្គស្នងការ ដ្ឋាននគរបាលជាតិ បានថ្លែងថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស រយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី១-៣ ខែឧសភា ឆ្នាំ២០២០ នគរបាលធ្វើការផាកពិន័យយានយន្ដ ជាង ៨គ្រឿង ក្នុងនោះម៉ូតូ៦ពាន់គ្រឿង។

សូជម្រាបថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យ លេខ៣៩ ដែលសមត្ថកិច្ចទូទាំងប្រទេស នឹងចាប់ផ្ដើមអនុវត្ត ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២០នេះតទៅ។ក្នុងគោលបំណង កាត់បន្ថយគ្រោះចរាចរណ៍ ជាពិសេសឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ។ សមត្ថកិច្ច អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសចំនួន៣.៩១៩នាក់ និង៥៦៨គោលដៅផងដែរ។

លោក ឆាយ គឹមខឿន បានឲ្យដឹងថា នគរបាលក៏បានណែនាំទៅដល់ប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសនោះសមត្ថកិច្ចត្រូវអនុវត្តច្បាប់ឲ្យបានម៉ឹងម៉ាត់ ត្រឹមត្រូវមានតម្លៃភាពមិនមានការរើសអើងស្មើភាពគ្នា ប្រកបដោយកាយវិការទន់ភ្លន់សុភាពរាបសារ។ 

លោកមានប្រសាសន៍ថា«ក្នុងរយៈពេល៣ថ្ងៃនឹងផាកពិន័យយានយន្ដជាង៨ពាន់គ្រឿង ហើយក្នុងនោះម៉ូតូមាន៦ពាន់គ្រឿង»។

ចំពោះបញ្ហាប្រជាពលរដ្ឋមួយចំនួន លើកឡើងថាការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ស្របពេលបញ្ហាសេដ្ឋកិច្ចមានការធ្លាក់ចុះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានពន្យល់ថាការរឹតបន្ដឹងច្បាប់នាពេលនេះគ្មានប៉ះពាល់ជីវភាពប្រជាពលរដ្ឋឡើយ បានន័យថាមានតែជួយជីវភាពពួកគាត់ឡើងវិញទេ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

អ្នកនាំពាក្យ បន្ដថាប្រជាពលរដ្ឋនាំគ្នាគោរពច្បាប់ចរាចរណ៍ គ្មានការរងគ្រោះខាតបង់អ្វីឡើយ ផ្ទួយទៅវិញ ពួកគាត់ចំណេញពេលវេលាបន្ថែមទៀត។បន្ថែមពីនោះ ប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា គឺជាការចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ជាមួយ រាជរដ្ឋាភិបាលនិងអាជ្ញាធរ ក្នុងការកសាងសង្គមមួយដោយថ្លៃថ្នូរល្អប្រសើរ។ 

អ្នកនាំពាក្យ បញ្ជាក់ថាបើប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សមត្ថកិច្ចក៏គ្មានសិទ្ធផាកពិន័យពួកគាត់ដែរ។ បើសិនពួកគាត់មិនគោរពច្បាប់ ទើបសមត្ថកិច្ចធ្វើការផាកពិន័យ។

ជាងនេះទៅទៀត ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានបន្ដធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពខ្លួនឯងនិងជីវភាពគ្រួសារ និងអ្នកដ៏ទៃ៕  E B

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ