ប្រទេសកូរ៉េខាងជើងកំពុងផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ ទៅឱ្យប្រទេសរុស្ស៊ី ដោយសម្ងាត់ដោយឆ្លងកាត់តាមប្រទេសនៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង
អាមេរិក៖អ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ០៣ខែវិច្ឆិកានេះថា សហរដ្ឋអាមេរិក មានព័ត៌មានដែលបង្ហាញថា កូរ៉េខាងជើងកំពុងផ្គត់ផ្គង់ គ្រាប់កាំភ្លើងធំ ទៅឲ្យប្រទេសរុស្ស៊ី ដោយសម្ងាត់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCកាលពីថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ២០២២។
លោក Kirby បានប្រាប់សន្និសីទមួយថា កូរ៉េខាងជើង កំពុងព្យាយាមបិទបាំងការនាំចេញ ដោយបញ្ជូនគ្រាប់ទាំងនេះ ឆ្លងកាត់តាមប្រទេសនៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។លោកបន្តថា “ការចង្អុលបង្ហាញរបស់យើងគឺថា កូរ៉េខាងជើង កំពុងផ្គត់ផ្គង់ដោយសម្ងាត់ ហើយយើងនឹងត្រួតពិនិត្យមើលថាតើ ការដឹកជញ្ជូនត្រូវបានទទួលឬក៏យ៉ាងណា។ ទីក្រុងវ៉ាស៊ីនតោន នឹងពិគ្រោះជាមួយអង្គការសហប្រជាជាតិលើបញ្ហានេះ”។
ការនាំចេញរបស់កូរ៉េខាងជើង គឺជាសញ្ញាមួយ មិនត្រឹមតែបង្ហាញពីឆន្ទៈរបស់ទីក្រុងព្យុងយ៉ាងក្នុងការគាំទ្រដល់រុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាជាសញ្ញាបង្ហាញពីការខ្វះខាតអាវុធរបស់ទីក្រុងមូស្គូ ដែលកើតឡើងដោយសារការដាក់ទណ្ឌកម្ម និងការរឹតត្បិតការនាំចេញដែលដឹកនាំដោយសហរដ្ឋអាមេរិក៕