ប៉ាគីស្ថាន ៖ក្រុមមន្ត្រីនៅក្នុងប្រទេសប៉ាគីស្ថាន បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី១៦ ខែសីហាថាក្រុមអ្នកជួយសង្រ្គោះកំពុងព្យាយាមទាញយកសាកសពចេញពីគំនរបែកបាក់ បន្ទាប់ពីគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងក្នុងរដូវមូសុង នៅទូទាំងភាគខាងជើងប្រទេសប៉ាគីស្ថានបានសម្លាប់មនុស្សយ៉ាងហោច ៣២១នាក់ ក្នុងរយៈ៤៨ម៉ោងកន្លងទៅនេះ។ នេះ
តាមអាជ្ញាធរប៉ាគីស្ថាន ភាគច្រើននៃអ្នកស្លាប់ខាងលើ មាន៣០៧នាក់ត្រូវបានរាយការណ៍នៅក្នុងខេត្ត Khyber Pakhtunkhwa ហើយក្នុងចំណោមអ្នកស្លាប់ទៀតសោត ភាគច្រើនគឺបង្កឡើងដោយ ទឹកជំនន់ និងការបាក់រលំផ្ទះ។ ចំណែក មនុស្សយ៉ាងហោច ២៣នាក់ផ្សេងទៀតបានរងរបួស។
អាជ្ញាធរប៉ាគីស្ថានប្រចាំខេត្ត Khyber Pakhtunkhwa បានប្រាប់ AFP ថាក្រុមអ្នកជួយសង្រ្គោះជាង ២០០០នាក់ កំពុងប្រឹងប្រែងទាញយកសាកសពមនុស្សចេញពីគំនរបាក់បែក និងកំពុងដឹកនាំ ប្រតិបត្តិការជួយសង្រ្គោះ ព្រមទាំងផ្ដល់ជំនួយនៅក្នុងស្រុកចំនួន៩ ដែលរងផលប៉ះពាល់ជាទីដែលភ្លៀងធ្លាក់ខ្លាំងបន្តរំខានដល់ប្រតិបត្តិការជួយសង្រ្គោះ។ ភ្លៀងធ្លាក់នៅប៉ាគីស្ថានត្រូវបានព្យាករថា នឹងបន្តធ្លាក់រហូតដល់ថ្ងៃទី២១ ខែសីហា។ ក្រៅតែពីប៉ាគីស្ថាន ឥណ្ឌា និងនេប៉ាល់ក៏កំពុងរងគ្រោះដោយសារទឹកជំនន់បង្កឡើងដោយភ្លៀងមូសុងផងដែរ៕