អធិការបតីអាល្លឺម៉ង់ចុះទស្សនកិច្ចតំបន់រងគ្រោះទឹកជំនន់ ខណៈដែលចំនួនអ្នកស្លាប់នៅអឺរ៉ុបខាងលិចកើនឡើងជាង១៨០នាក់
អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានចុះទស្សនកិច្ចតំបន់ដែលរងការខូចខាតដោយទឹកជំនន់ ដើម្បីធ្វើការស្ទាបស្ទង់ពីទំហំនៃការខូចខាត និងជួបអ្នកនៅរស់រានមានជីវិត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅអឺរ៉ុបខាងលិច បណ្តាលអោយមនុស្សយ៉ាងហោចណាស់១៨៣នាក់ស្លាប់ និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន។ នេះបើយោងតាមប្រភព CGTN
លោកស្រី Merkel បានធ្វើដំណើរទៅកាន់ភូមិនៃទីក្រុង Schul នៅរដ្ឋ Rhineland-Palatinate ជាតំបន់មួយក្នុងចំណោមពីរដែលរងគ្រោះធ្ងន់ធ្ងរខ្លាំងបំផុតនៅភាគខាងលិចប្រទេសអាល្លឺម៉ង់ ។ លោកស្រី មឺហ្គែល បានប្រាប់ក្រុមអ្នកយកព័ត៌មានថា វាគួរអោយតក់ស្លុតណាស់ ហើយសន្យាផ្តល់ជំនួយអោយបានលឿនដើម្បីស្តារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ។
លោកស្រី ក៍បានអំពាវនាវអោយមានការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ។ មានកត្តាជាច្រើនរួមចំណែកដល់ទឹកជំនន់ដ៏អាក្រក់នេះ ប៉ុន្តែបរិយាកាសក្តៅដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំង ។
ដោយឡែក ប្រទេសផ្សេងៗទៀតរួមមានបែលហ្ស៊ិក ស្វីស លុចហ្សំបួ និងហូឡង់ក៏ទទួលរងផលប៉ះពាល់ផងដែរ ។ បែលហ្ស៊ិកបាននិយាយថា យ៉ាងហោចណាស់មនុស្ស២៧នាក់បានបាត់បង់ជីវិត ៕