ប្រមុខក្រសួងមហាផ្ទៃ លើកទឹកចិត្តសិស្សជាប់ និងធ្លាក់បាក់ឌុប នៅខេត្តព្រៃវែង បន្តចាប់យកក្ដីស្រមៃលើវិថីសិក្សាច្រើនជម្រើសទៀត
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ មិនថាសិស្សដែលជាប់និទ្ទេសA និងមិនជាប់និទ្ទេសA និងសិស្សដែលប្រឡងធ្លាក់ផងនោះ ត្រូវបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ឬជ្រើសរើសជំនាញណាមួយឱ្យច្បាស់លាស់ ដែលត្រូវនឹងទេពកោសល្យ និងឧបនិស្ស័យរបស់ខ្លួន។
លោកឧបនាយករដ្ឋមន្ត្រី បានជំរុញណែនាំយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ បង្រៀនវគ្គបំប៉ន និងសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ចំនួន ១៥៤នាក់ ឆ្នាំសិក្សា២០២៤-២០២៥ ក្នុងខេត្តព្រៃវែង នៅសាលប្រជុំសាលាខេត្តព្រៃវែង នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ បើតាម លោកឧបនាយករដ្ឋមន្ត្រី ស សុខា លទ្ធផលនៃការប្រឡងកន្លងមកនេះ និងតទៅមុខទៀតក្ដី ទោះបីជាប់ ឬធ្លាក់គឺមិនទាន់បានកំណត់នូវជោគវាសនា ឬអនាគតរបស់ខ្លួនបានឡើយ ប្រសិនបើមិនមានការព្យាយាម តស៊ូបង្កើនសមត្ថភាពក្រេបយកចំណេះដឹងបន្ថែម ដើម្បីអភិវឌ្ឍខ្លួន និងសមស្របទៅតាមទីផ្សារការងារ ដែលកំពុងត្រូវការនាពេលបច្ចុប្បន្ន។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតថ្លែងអំណរគុណភាគីពាក់ព័ន្ធដែលបានចូលរួមពង្រឹងគុណភាពអប់រំនៅខេត្តព្រៃវែង ជាពិសេសការបង្រៀនបំប៉នពីសំណាក់លោកគ្រូ អ្នកគ្រូ ស័្មគ្រចិត្ត ដែលទទួលបានការគាំទ្រពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ព្រមទាំងការជំរុញបន្ថែមពីឪពុកម្ដាយ អាណាព្យាបាល និងការស័្វយសិក្សាស្រាវជ្រាវដោយខ្លួនឯងរបស់សិស្សានុសិស្ស។ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានមានប្រសាសន៍ទៀតថា ផ្លែផ្កានៃការអប់រំបណ្ដុះបណ្ដាលដល់សិស្សគ្រប់កម្រិត ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត ព្រមទាំងការចាប់យកមុខជំនាញផ្សេងៗរបស់សិស្ស និស្សិត រួមទាំងសិស្សមិនជាប់បាក់ឌុប គឺជាក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល ទាំងនីតិកាលមុនៗ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចមានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ និងបន្តមកដល់បច្ចុប្បន្ន គឺយុទ្ធសាស្ត្របញ្ចកោណ។
លោកឧបនាយករដ្ឋមន្ត្រី បន្តមានប្រសាសន៍ទៀតថា ក្រោមការចូលរួមរបស់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង អាជ្ញាធរពាក់ព័ន្ធ មន្ទីរអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បាននិងកំពុងខិតខំបំពេញការងារប្រកបស្មារតីដោយយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការផ្ដល់សេវាអប់រំ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈគ្រប់ប្រភេទ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា។ ក្នុងឱកាសនោះ ដើម្បីជាការលើកទឹកចិត្ត លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានផ្តល់ជូនម៉ូតូ ដល់សិស្សដែលទទួលបាននិទ្ទេស A ទាំង ១៥៤នាក់ ដោយក្នុងម្នាក់ៗ ម៉ូតូ ចំនួន ១គ្រឿង និងថវិកា ព្រមទាំងសម្ភារៈមួយចំនួនផងដែរ។
ជាមួយគ្នានោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានឧបត្ថម្ភថវិកា និងសម្ភារៈ ជូនដល់លោកគ្រូ អ្នកគ្រូ ដែលបានស្ម័គ្រចិត្តបង្រៀនវគ្គបំប៉ន ដោយឥតគិតថ្លៃ ដល់សិស្សថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ព្រមទាំងលោកនាយក និងលោកស្រីនាយិកា សាលាដែលមានសិស្សទទួលបាននិទ្ទេស A ទាំង ២៧វិទ្យាល័យ ក្នុងខេត្តព្រៃវែង៕