វៀតណាម៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោច១៧នាក់បានបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់នៅខេត្តភាគកណ្តាលប្រទេសវៀតណាមកាលពីសប្តាហ៍មុន និង១៣នាក់ទៀតកំពុងបាត់ខ្លួន ខណៈដែលប្រទេសនេះកំពុងត្រៀមខ្លួនសម្រាប់ព្យុះត្រូពិចមួយផ្សេងទៀត។
ទូរទស្សន៍រដ្ឋវៀតណាមបានរាយការណ៍ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ តំបន់ភាគកណ្តាលគួរតែត្រៀមខ្លួនសម្រាប់ព្យុះទីហ្វុងមួយទៀតគឺព្យុះលីនហ្វា (Linfa) ដែលនឹងបង្កឲ្យមានភ្លៀងធ្លាក់និងទឹកជំនន់កាន់តែខ្លាំងថែមទៀត។
វីដេអូពីទូរទស្សន៍រដ្ឋវៀតណាមបានបង្ហាញឲ្យឃើញក្រុមអ្នកនេសាទដែលកំពុងត្រូវបានជួយសង្គ្រោះដោយឆ្មាំសមុទ្រនិងឧទ្ធម្ភាគចក្រនៅពេលដែលខ្យល់យ៉ាងខ្លាំងបានបោកបក់ទៅលើតំបន់ឆ្នេរសមុទ្រនៅក្នុងខេត្តខ្វាង ទ្រី (Quang Tri) ។
យោងតាមរបាយការណ៍របស់រដ្ឋាភិបាលវៀតណាម មនុស្សប្រមាណ៣១,០០០នាក់ត្រូវបានជម្លៀសទៅកន្លែងសុវត្ថិភាព ហើយផ្ទះជាង៣៣,០០០ខ្នងត្រូវបានជន់លិចនិងរងការខូចខាតដោយសារទឹកជំនន់។
សូមរម្លឹកថាគ្រោះមហន្តរាយធម្មជាតិដែលភាគច្រើនជាគ្រោះទឹកជំនន់និងការរអិលបាក់ដីដែលបណ្តាលមកពីខ្យល់ព្យុះនោះក៏បានសម្លាប់មនុស្ស១៣២នាក់និងបង្កឲ្យមនុស្ស២០៧នាក់ទៀតរងរបួសនៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុនផងដែរ៕