ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា នៅកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកនៅទីក្រុងប៉េកំាងប្រទេសចិន ជាវេទិកាប្រមូលផ្តុំថ្នាក់ដឹកនាំនីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងដៃគូនានាមកពីប្រទេសជាង ១០០  ក្នុងទ្វីបទាំង៥ នៃពិភពលោក សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវ ដល់សហគមន៍អន្តរជាតិ មេត្តាចូលរួមតាមដានឱ្យបានជិតដិតលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលមានលក្ខណៈផុយស្រួយដើម្បីស្តារនូវសន្តិភាព និងប្រក្រតីភាពឡើងវិញ។

សម្តេច ឃួន សុដារី បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ តាមដានឱ្យបានដិតដល់លើការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ ដើម្បីស្តារនូវសន្តិភាព និងប្រក្រតីភាពឡើងវិញ»។ សម្តេច បន្តថា «សន្តិភាពជាបុរេលក្ខខណ្ឌដ៏ចាំបាច់ ដើម្បីសម្រេចបាននូវគោលបំណងរួមរបស់យើង»។

សូមជម្រាបថា ចាប់តំាងពីការផ្ទុះជម្លោះឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យកម្ពុជាពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ មក បានបង្ខំឱ្យពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់នៅតាមបណ្តោយព្រំដែន រួមទាំងស្ត្រី និងក្មេងស្រី ជាពិសេស ស្ត្រីមានផ្ទៃពោះភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ដោយបោះបង់ចោលផ្ទះសម្បែង សាលារៀន និងកន្លែងប្រកបអាជីវកម្មរបស់ខ្លួន។ ក្នុងជំរំភៀសសឹកមានមនុស្សចាស់ កុមារ ស្រ្តីមានផ្ទៃពោះ និងស្រ្តីខ្លះទើបឆ្លងទន្លេក៏មាន។

កុមារប្រមាណ ៥៨%ផ្សេងទៀត ជាពិសេសកុមារីតូចៗ មានការភ័យខ្លាចពីការផ្ទុះអាវុធ ការផ្ទុះគ្រាប់បែក និងការជម្លៀសចេញពីផ្ទះសម្បែង ជាពិសេសខាតបង់ការសិក្សា៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ