បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនល្មើសជនជាតិចិន ២នាក់ ជាមួយនឹងថ្នាំញៀនជាង ២គីឡូក្រាម នៅខណ្ឌចំការមន រាជធានីភ្នំពេញ
ភ្នំពេញ ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយឃាត់ខ្លួនជនល្មើសជនជាតិចិន២នាក់ ជាមួយនឹងថ្នាំញៀនជាង២គីឡូក្រាម ស្ថិតនៅមុខក្លឹបកម្សាន្តមួយក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រតិបត្ដិការនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ប្រតិបត្ដិការនេះ ធ្វើឡើងកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៩៖៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួល ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គឹម ហុងសាន បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាប ករណីដឹកជញ្ជូនជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅមុខក្លឹបកម្សាន្តមួយកន្លែងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
កម្លាំងជំនាញបានចាប់ខ្លួនជនល្មើស ០២នាក់ ជាជនជាតិចិន និងចាប់យកគ្រឿងញៀនប្រភេទ កេតាមីន (KETAMINE) ទម្ងន់ ១៩៩៤ក្រាម, គ្រឿងញៀនប្រភេទ អ៊ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៤៣៧.៧១ក្រាម សរុបរួមសារធាតុញៀនទម្ងន់ ២,៤៣១.៧១ក្រាម (២គីឡូ ៤៣១.៧១ក្រាម)។
បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន៕