ប្រទេសកូរ៉េខាងត្បូងជួបទុក្ខធ្ងន់បន្ថែមមួយទៀត ដោយសារទឹកជំនន់ទឹកភ្លៀងធ្លាក់ជាប់នៅតំបន់ជាច្រើន រួមទាំងទីក្រុងសេអ៊ូលផង រហូតមានអ្នកស្លាប់ ២៦ នាក់ (៨ សីហា) បាត់ខ្លួន ១០ នាក់ ហើយមន្ត្រីបានព្រមានពីការបាក់ដីផងដែរ ។
បើតាមការរាយការណ៍ថា ប្រជាជនកូរ៉េខាងត្បូងនៅតំបន់ជាច្រើន កំពុងរងទុក្ខភ័យពីទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីភ្លៀងធ្លាក់ជាប់រហូត ៤៦ ថ្ងៃ ចាត់ទុកថាជាឧបទ្ទវហេតុភ្លៀងធ្លាក់យូរបំផុតក្នុងរដូវមូសុង ដែលធ្លាប់កើតឡើងក្នុងរង្វង់ ៧ ឆ្នាំ ។
ក្រសួងមហាផ្ទៃកូរ៉េខាងត្បូងបានរាយការណ៍ថា នៅម៉ោង ៤.៣០ នាទីល្ងាចថ្ងៃសៅរ៍ទី ៨ ខែសីហា ម៉ោងក្នុងស្រុក មានមនុស្សជិត ៥.០០០ នាក់ត្រូវបានជម្លៀសចេញពីលំនៅដ្ឋានដែលត្រូវបានជន់លិច ស្របពេលមនុស្ស ១០ នាក់ត្រូវបានរាយការណ៍ថា បាត់ខ្លួនពីជនរងគ្រោះដោយទឹកជំនន់ ។
ទឹកជំនន់នៅកោះយ៉អ៊ីដូ ក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង កាលពីថ្ងៃទី ៦ ខែសីហា ។ មន្ត្រីព្រៃឈើរបស់កូរ៉េខាងត្បូង បានព្រមានពីហានីភ័យខ្ពស់ ឲ្យប្រជា ជនប្រុងប្រយ័ត្នគ្រោះថ្នាក់ពីការបាក់ដីនៅគ្រប់តំបន់ លើកលែងតែកោះទេសចរណ៍ល្បីឆេជូប៉ុនណោះ ។ ចំណែកមន្ត្រីក្រុងសេអ៊ូលក៏បានព្រមានឲ្យប្រជា ជនចៀសវាងការរស់នៅក្រោមដីនៃអគារស្ថិតនៅជើងភ្នំ និងច្រាំងទន្លេ ដោយសារបារម្ភពីភ្លៀងធ្លាក់ខ្លាំងក្នុងយប់ថ្ងៃទី ៨ ខែសីហា រហូតអាចកើតមានទឹកជំនន់បាន ៕