នាយឧត្តមសេនីយ៍ ស ថេត ណែនាំយុវជន-យុវតី ជៀសវាងឱ្យឆ្ងាយពីអំពើអបាយមុខគ្រប់ប្រភេទ ពិសេសគ្រឿងញៀន និងក្មេងទំនើង និងសកម្មភាពខុសច្បាប់នានា
ព្រៃវែង ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានណែនាំដល់យុវជន-យុវតី សូមជៀសវាងឱ្យឆ្ងាយ ពីអំពើអបាយមុខគ្រប់ប្រភេទ ពិសេសគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងសកម្មភាពខុសច្បាប់នានា ដែលធ្វើឱ្យខូចអនាគតរបស់ខ្លួន។
ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង ចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងបេក្ខជនប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។
នាយឧត្តមសេនីយ៍ ស ថេត បានផ្ដាំផ្ញើដល់ក្មួយៗ ដែលជាទំពាំងស្នងឬស្សី និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ត្រូវខិតខំប្រែក្លាយខ្លួន ឱ្យទៅជាធនធានមនុស្ស ប្រកបដោយគុណភាព និងសមត្ថភាពដែលមានតម្លៃ និងមានប្រយោជន៍សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសម្រាប់ប្រទេសជាតិ ក្នុងពេលអនាគត។
ម្យ៉ាងទៀតការអប់រំ គឺជាមូលដ្ឋានគ្រឹះ នៃការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនពីព្រោះ «ការវិនិយោគលើការអប់រំ ពិតជាបានជួយឱ្យពលរដ្ឋ មានសមត្ថភាពអាចរស់នៅ និងបង្កើតទ្រព្យសម្បត្តិ ដោយខ្លួនឯងប្រកបដោយនិរន្តរភាព និងចីរភាព»។ ដូច្នេះក្មួយៗត្រូវតែចាប់យកចំណេះវិជ្ជា ដើម្បីបណ្ដេញភាពក្រីក្រចេញពីខ្លួន៕