ក្រសួងមហាផ្ទៃ ណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញតំណាងស្ថានទូតកូរ៉េខាងត្បូង ដើម្បីមកស្តាប់ការពន្យល់ផ្ទាល់ និងបង្ហាញបច្ចុប្បន្នភាព ជុំវិញករណីឃាតកម្មលើជនជាតិកូរ៉េខាងត្បូង
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញតំណាងស្ថានទូតកូរ៉េខាងត្បូង ដើម្បីមកស្តាប់ការពន្យល់ផ្ទាល់ និងបង្ហាញបច្ចុប្បន្នភាព បន្ថែមពីលើឯកសារផ្លូវការជុំវិញករណីឃាតកម្មលើជនជាតិកូរ៉េខាងត្បូង នៅកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃ។
យោងតាមរបាយការណ៍លទ្ធផលប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ក្នុងខណៈដែលនគរបាលចុះល្បាតជំនាញ បានប្រទះឃើញរថយន្តដឹកសាកសពមួយគ្រឿងក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត វេលាម៉ោង ២:០០ នាទី រំលងអធ្រាត្រ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។
ភ្លាមនោះ នគរបាលបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន២នាក់ ដែលទី១.ឈ្មោះ LI XINGPENG ហៅ YOU FU ភេទប្រុស អាយុ៣៥ឆ្នាំ និងទី២.ឈ្មោះ ZHU RENZHE ហៅ CHEA KER ភេទប្រុស អាយុ៤៣ឆ្នាំ ដែលក្នុងនោះម្នាក់ជាអ្នកបើកបរ និងម្នាក់ ទៀតរួមដំណើរដឹកសព។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ប៉ាជា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ បានរត់គេចខ្លួន។
ក្រោយពិនិត្យអត្តសញ្ញាណ ឃើញថា សពឈ្មោះ PARK MINHO ភេទប្រុស អាយុ២២ឆ្នាំ ជា និស្សិតជនជាតិកូរ៉េខាងត្បូង បានធ្វើដំណើរមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។ បន្ទាប់ពី ការធ្វើកោសល្យវិច័យបឋមរកឃើញថា សពជនរងគ្រោះបានស្លាប់ដោយគាំងបេះដូង ដែលបណ្តាលមកពីការ ធ្វើទារុណកម្ម ដោយមានស្នាមជាំជាច្រើនកន្លែងលើរាងកាយ។ អង្គហេតុនេះបញ្ជាក់ថា នគរបាលកម្ពុជាពុំ បានទទួលព័ត៌មាន ឬបណ្ដឹងពីក្រុមគ្រួសារសព ឬក៏ពីស្ថានទូតកូរ៉េខាងត្បូង ដូចការចុះផ្សាយរបស់ សារព័ត៌មាន South China Morning Post ដែលថា គ្រួសារសពបានស្វែងរកកិច្ចអន្តរាគមន៍ ជួយសង្គ្រោះ តាមរយៈស្ថានទូត និងនគរបាលមូលដ្ឋាននោះទេ។
តាមការវិភាគជំនាញ អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ដឹកនាំកម្លាំងស្នងការដ្ឋាន នគរបាលខេត្តកំពត បានបន្តស៊ើបអង្កេត និងឈានទៅបង្ក្រាបផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដែលជាកន្លែងស្នាក់នៅរបស់ជនរងគ្រោះមុនពេលស្លាប់ និងជា ទីតាំងដែលត្រូវបានកំណត់មុខសញ្ញាថា មានសកម្មភាពអនឡាញខុសច្បាប់។
ក្នុងការបង្ក្រាបនោះ នគរបាលបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ LIU HAOXING ហៅ TA THOV ភេទប្រុស អាយុ២៩ឆ្នាំ ដែលជាអ្នកគ្រប់គ្រងអគារ និងបានដកហូតសម្ភារវត្ថុតាងពាក់ព័ន្ធមួយចំនួន។ ដោយឡែក ជនសង្ស័យម្នាក់ ទៀតឈ្មោះ ហាយ ភេទប្រុស ជនជាតិចិន អាយុប្រហែល៣០ឆ្នាំ បានរត់គេចខ្លួនបាត់។
ក្រោយពីការប្រមូលភស្តុតាង ការស្តាប់ចម្លើយជនសង្ស័យ ការបំពេញកិច្ចការជំនាញស្របតាមនីតិវិធី កំណត់ដោយច្បាប់ នគរបាលយុត្តិធម៌ បានកសាងសំណុំរឿងយ៉ាងមូល និងគ្រប់ជ្រុងជ្រោយ ព្រមទាំងបញ្ជូនជនសង្ស័យទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពត នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដើម្បីបន្តនីតិវិធី។
ក្រោយបំពេញនីតិវិធីស៊ើបអង្កេត ផ្ទៀងផ្ទាត់ភស្តុតាង និងស្តាប់ចម្លើយជនសង្ស័យទាំងបីនាក់ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យទាំងនោះ និងបក្ខពួកចំនួន២នាក់ទៀត ពីបទ ឃាតកម្ម ដោយអំពើឃោរឃៅ និងបទឆបោក (តាមប្រព័ន្ធបច្ចេកវិទ្យា) ក្នុងមាត្រា២០៥, មាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ៤០១ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ដើម្បីបន្តការ ស៊ើបសួរ។ ជាលទ្ធផល ចៅក្រមស៊ើបសួរសាលាសំបូងខេត្តកំពត បានសម្រេចឃុំខ្លួនជនសង្ស័យទាំង៣នាក់ ជាបណ្តោះអាសន្ន នៅពន្ធនាគារខេត្តកំពត។
មកដល់ពេលនេះ នគរបាលយុត្តិធម៌ក្រសួងមហាផ្ទៃ កំពុងសស្រាក់សស្រាំធ្វើប្រតិបត្តិការស្វែងរក ចាប់ខ្លួនបក្ខពួកជនល្មើស២នាក់ទៀត តាមការសម្របសម្រួលនីតិវិធីពីសំណាក់អាជ្ញាធរតុលាការឱ្យបានជា ដាច់ខាត យកមកអនុវត្តទោសតាមច្បាប់ជាធរមាន។ លើសពីនេះ ក៏កំពុងពន្លាតការស៊ើបអង្កេត រកប្រភព ដើមនៃទីកន្លែងកើតបទល្មើសដំបូង រួមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀត ប្រសិនបើមាន ដោយសហការយ៉ាង ជិតស្និទ្ធជាមួយស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជាតាមទិដ្ឋភាពច្បាប់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានជម្រាបជូនផងដែរថា «ក្រសួងមហាផ្ទៃ កំពុងរៀបចំលិខិតផ្លូវការ ភ្ជាប់ជាមួយឯកសារពាក់ព័ន្ធនានា ជូនស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ដើម្បីជ្រាប។ ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ ក៏បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញតំណាងស្ថានទូតកូរ៉េខាងត្បូង ដើម្បី មកស្តាប់ការពន្យល់ផ្ទាល់ និងបង្ហាញបច្ចុប្បន្នភាព បន្ថែមពីលើឯកសារផ្លូវការផងដែរ»៕