សម្ដេចតេជោ ហ៊ុន សែន ប្រកាសពីជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងទទូចឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំង ដូសជំរុញ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសពីភាពជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហើយ សម្ដេចក៏ទទូចឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ ឲ្យបានគ្រប់ៗគ្នា ទោះបីស្ថានភាពជំងឺកូវីដ នៅកម្ពុជា ធូរស្បើយក៏ដោយ។
តាមរយៈសារសំឡេង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា គិតមកដល់ពេលនេះមានរយៈពេល ៥១ថ្ងៃហើយ កម្ពុជា ពុំមានការឆ្លងជំងឺកូវីដ-១៩។ សម្ដេច ថា ជោគជ័យ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺផ្ដើមចេញនៃការរួបរួមគ្នា របស់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
សម្ដេច បញ្ជាក់ថា «នេះជាជោគជ័យមួយ ក្នុងចំណោមជោគជ័យ ដែលព្រះរាជាណាចក្រកម្ពុជា យើងទទួលបាន អ្វីដែលសំខាន់នោះ យើងបានទប់ស្កាត់ មិនឲ្យមានមនុស្សស្លាប់ដោយសារកូវីដ អស់រយៈពេលជាច្រើន ខែមកហើយ ចុងក្រោយនេះយើង ក៏បានរួមគ្នាទប់ស្កាត់ មិនឲ្យមានការឆ្លងរាលដាល នៃកូវីដ តទៅទៀត ដែលយើងអាចនិយាយបានថា សូន្យកូវីដ រយៈពេល ៥១ថ្ងៃ កន្លងផុតទៅហើយ»។
សម្ដេចតេជោ បន្ដថា នាពេលបច្ចុប្បន្ននេះអ្នកចាក់វ៉ាក់សាំងដូសទី៣ បានជាង ៩លាននាក់ បើប្រៀបធ្រៀបជាមួយប្រជាពលរដ្ឋ ១៥លាននាក់ ត្រូវទទួលដូសទី៣។ សម្ដេច ថា នៅសល់ប្រជាពលរដ្ឋជាង ៥លាននាក់ទៀត មិនទាន់មកទទួលវ៉ាក់សាំងដូសទី៣ ខណៈដូសទី៤ បានជាង ២លាននាក់ ហើយដូសទី៥បានជាង ២០ម៉ឺននាក់។
សម្ដេចតេជោ បញ្ជាក់បន្ថែមថា «សូមជនរួមជាតិទៅទទួលដូសទី៣ ដែលប្រជាពលរដ្ឋរបស់យើងមិនទាន់បានទទួលនៅឡើយ ដែលជាចន្លោះប្រហោងសម្រាប់ការវាយលុក នៃកូវីដ-១៩ សម្រាប់អ្នកមិនទាន់បានដូសទី៣ ដែលជាការធនាភាពស៊ាំក្នុងសហគមន៍ និងភាពស៊ាំសម្រាប់បុគ្គលម្នាក់ៗ»៕EB