អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់វិធានកោះហៅ ឧត្តមសេនីយ៍ទោ គង់ វុទ្ធី ដើម្បីបំភ្លឺ បន្ទាប់ពីមានការចុះផ្សាយថា «បានទទួលប្រាក់រត់ការចូលសញ្ចាតិឱ្យជនបរទេសមិនបានសម្រេច ហើយមិនព្រមប្រគល់ប្រាក់ជូនជនរងគ្រោះវិញ»
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់វិធានកោះហៅ ឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីបំភ្លឺ បន្ទាប់ពីមានការចុះផ្សាយថា «បានទទួលប្រាក់រត់ការចូលសញ្ចាតិឱ្យជនបរទេសមិនបានសម្រេច ហើយមិនព្រមប្រគល់ប្រាក់ជូនជនរងគ្រោះវិញ»។
យោងតាមគេហទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នារសៀលថ្ងៃទី២៧ តុលា នេះថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានថ្លែងអំណរគុណចំពោះសារព័ត៌មាន បានលើកឡើងអំពីករណី ឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ថា បានទទួលប្រាក់រត់ការចូលសញ្ចាតិឱ្យជនបរទេសមិនបានសម្រេច ហើយមិនព្រមប្រគល់ប្រាក់ជូនជនរងគ្រោះវិញ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជម្រាបដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណមតិឱ្យបានជ្រាបថា «ក្រុមប្រឹក្សាវិន័យ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់វិធានការកោះហៅសាមីខ្លួនដើម្បីបំភ្លឺ និងកំពុងបន្តស្រាវជ្រាវ ស៊ើបបញ្ជាក់បន្ថែមលើព័ត៌មានខាងលើ។ ករណីរកឃើញថា មន្ត្រី ឬថ្នាក់ដឹកនាំណាម្នាក់បានប្រព្រឹត្តកំហុសផ្ទុយនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនឹងចាត់វិធានការអនុវត្តវិន័យលើបុគ្គលរូបនោះយ៉ាងម៉ឺងម៉ាត់»។
ទន្ទឹមនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្នើដល់បុគ្គលដែលមានការពាក់ព័ន្ធ ឬជាជនរងគ្រោះ សូមសហការផ្តល់ព័ត៌មាន ក៏ដូចជាឯកសារភស្តុតាងបន្ថែមប្រសិនបើមាន មកនាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រៀងរាល់ម៉ោងធ្វើការ៕
