ជំនួបជាមួយ នាយករដ្ឋមន្ត្រីថៃ, សម្តេចធិបតី ហ៊ុន ម៉ាណែត រំឭកជាថ្មីឱ្យមានការដោះលែងទាហានកម្ពុជា ចំនួន ១៨រូប ឱ្យបានឆាប់ ដោយឈរលើមូលដ្ឋានមនុស្សធម៌
ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានរំឭកជាថ្មីនូវការអំពាវនាវឱ្យថៃដោះលែងទាហានកម្ពុជា ចំនួន ១៨រូបឱ្យបានឆាប់ ដោយឈរលើមូលដ្ឋានមនុស្សធម៌ និងដូចដែលបានឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួម គូឡាឡាំពួរ។
សម្តេចធិបតី បានរំលឹកបែបនេះ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ក្នុងឱកាសជួបពិភាក្សាទ្វេភាគីជាមួយ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ។
ក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា ប្រទេសទាំងពីរត្រូវតែបន្តធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីធានាថា ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាព សុខដុមរមនា និងវិបុលភាពរួមគ្នា សម្រាប់ជំនាន់ក្រោយៗទៀត។
នាឱកាសជំនួបនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតជូនលោក Anutin Charnvirakul ចំពោះការសោយព្រះទិវង្គតរបស់ព្រះមហាក្សត្រិយ៍ ព្រះវររាជមាតា Sirikit។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រី Anutin បានថ្លែងអំណរគុណ សម្តេចធិបតី ចំពោះសារលិខិតរំលែកទុក្ខ និងសេចក្តីអាណិតអាសូរដ៏ស្មោះអស់ពីដួងចិត្តរបស់កម្ពុជា ក្នុងពេលវេលានៃការកាន់មរណទុក្ខនេះ។
សេចក្តីប្រកាសព័ត៌មានលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាលើសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ដែលត្រូវបានចុះ ហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០៥ និងត្រូវបានធ្វើជាសាក្សីដោយលោក Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក និងលោក Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរព និងការប្រកាន់ខ្ជាប់ចំពោះសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ដែលបានផ្តល់នូវក្របខ័ណ្ឌមួយសម្រាប់ប្រទេសទាំងពីរ ក្នុងការធ្វើការជាមួយគ្នាឆ្ពោះទៅរកសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការចុះហត្ថលេខានេះឆ្លុះបញ្ចាំងវឌ្ឍនភាពបន្ថែមទៀត ចាប់តាំងពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលរហូតមកដល់ពេលនេះ បានជួយរក្សានូវភាពស្ងប់ស្ងាត់ និងស្ថិរភាព នៅតាមបណ្តោយព្រំដែន។ សម្តេចធិបតីបានលើកឡើងថា កិច្ចការបន្ទាន់សម្រាប់ភាគីទាំងពីរ គឺត្រូវធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីធានានូវការអនុវត្តសេចក្តីថ្លែងការណ៍នេះឱ្យបានពេញលេញ និង ប្រកបដោយភាពស្មោះត្រង់។
សម្តេចធិបតីបានសង្កត់ធ្ងន់បន្ថែមថា ការអនុវត្តសកម្មភាពមានចែងក្នុងសេចក្តី ជាការទទួលខុសត្រូវ និងកាតព្វកិច្ចរួមគ្នារបស់ភាគីទាំងពីរ។
តាមរយៈយន្តការទ្វេភាគី ពិភាក្សាគ្នារួចមកហើយ និងបានឈានដល់ការព្រមព្រៀងនានា សារៈសំខាន់ណាស់ដែលភាគីទាំងពីរត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវការព្រមព្រៀងទាំងនេះ និងភាពស្មោះត្រង់ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។
ថ្ងៃនេះជាថ្ងៃទី៩១ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ ក្រសួងការពារជាតិកម្ពុជា បានអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕



