ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យតៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនអស់ចិត្តឡើយ បើមិនបានជួបផ្ទាល់ជាមួយលោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានមហាជន ស្គាល់ថាជាមន្ត្រីសកម្ម និងមានសិល្បៈក្នុងការងារ ធ្វើឱ្យប្រជាពលរដ្ឋ ចូលរួមគាំទ្រក្នុងការងារដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន។
បន្ទាប់ពីបានលើកសរសើរមិនដាច់ពីមាត់អំពីការងារ លោក ប៉ាង លីដា ទាំងក្នុងកិច្ចប្រជុំ និងកម្មវិធីសាធារណៈនានា ទីបំផុតនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ លោក ប៉ាង លីដា បានអញ្ជើញមកទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីជួបសន្ទនាជាមួយ លោក ស សុខា នៅសាលវរជ័យ ដែលជាកន្លែងប្រជុំកិច្ចការសំខាន់ៗរបស់ឯកឧត្តមអភិសន្តិបណ្ឌិតផ្ទាល់។
ជាថ្មីម្ដងទៀត លោក ស សុខា ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន នឹងកាន់តែមានភាពប្រសើរឡើង ប្រសិនបើមានមន្ត្រីដូច លោក ប៉ាង លីដា កាន់តែច្រើន។ លោក ឧបនាយករដ្ឋមន្ត្រី បានថ្លែងដោយមិនរារែកទៀតថា សកម្មភាពលោក ប៉ាង លីដា បានផ្ដល់មេរៀន និងបទពិសោធជាច្រើនដល់ឯកឧត្តមផ្ទាល់ ជាពិសេសការប្រើពាក្យពេចន៍ និងវិធីសាស្រ្តដោះស្រាយនៅកន្លែងដែលមានបញ្ហាជាក់ស្ដែងផ្ទាល់ជាមួយពលរដ្ឋ។
បើតាម លោក ស សុខា ឧបនាយករដ្ឋមន្ត្រី នៅតាមមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ផ្សេងៗទៀត ក៏មានមន្ត្រី រួមទាំងអភិបាលរងនទទួលបន្ទុកការងារសណ្ដាប់ធ្នាប់សាធារណៈនបានកំពុងទទួលដឹកនាំដោះស្រាយបញ្ហានេះជាប្រចាំដែរ។ សម្រាប់ករណីលោក ប៉ាង លីដា ឯកឧត្តម ចាត់ទុកជាបុគ្គលគំរូមួយរូប ដើម្បីជំរុញបន្ថែមទៀតនូវការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រី រួមទាំងបំផុសចលនាចូលរួមគាំទ្រពីប្រជាពលរដ្ឋដោយខ្វះមិនបាន។
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកទឹកចិត្ត លោក ប៉ាង លីដា បន្តការងាររបស់ខ្លួន ព្រមទាំងបានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បន្តការគាំទ្រដល់រដ្ឋបាលខណ្ឌ គាំទ្រការងារលោក ប៉ាង លីដា ដើម្បីដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ដែលទីបំផុតការងារនេះផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះផ្ទាល់ ជាក់ស្ដែង ផ្លូវស្អាត ផ្លូវធំ លូហូរទឹកលឿន ប្រឡាយមិនស្ទះ គ្មានការជនលិច បរិស្ថានស្អាត ស្រួលរស់នៅ ស្រួលប្រកបរបរ ដីឡើងថ្លៃជាដើម៕


អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ