កម្ពុជា-វៀតណាម ដាក់ចេញយន្ដការឆ្លើយតបឲ្យមានប្រសិទ្ធភាពរាល់ប្រភេទបទល្មើស ដែលមានកំណើនក្នុងតំបន់ និងធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខ នៃប្រទេសទាំងពីរ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា និងឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ឡុង អនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម បានផ្លាស់ប្ដូរមតិយោបល់ជាមួយគ្នា ព្រមទាំងដាក់ចេញនូវយន្ដការឆ្លើយតបឲ្យមានប្រសិទ្ធភាពរាល់ប្រភេទបទល្មើស ដែលមានកំណើននៅក្នុងតំបន់ និងធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខ សុវត្ថិភាពនៃប្រទេសទាំងពីរ។
ភាគីទាំងពីរ បានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ក្នុងឱកាស ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ឡុង អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។
ជំនួបនេះ បានធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ បូកសរុបការងារ និងវាយតម្លៃសភាពការណ៍សន្ដិសុខ សណ្តាប់ធ្នាប់ សំដៅដាក់ចេញនូវវិធានការសមស្របបន្ថែមទៀត ដើម្បីពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់នៃក្រសួងមហាផ្ទៃ និងក្រសួងនគរបាលវៀតណាម កាន់តែល្អប្រសើររឹងមាំ និងមានប្រសិទ្ធភាព។
ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូក្រសួងនគរបាលវៀតណាម នឹងបន្ដជួបពិភាក្សាការងារជាមួយបណ្ដាអង្គភាពចំណុះក្រសួងមហាផ្ទៃ និងស្នងការរាជធានី-ខេត្តមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសំដៅរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ៕

