ភ្នំពេញ ៖ លោក Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា កម្ពុជា ជាប្រទេសគំរូក្នុងការតាមដានវិភាគ និងឆ្លើយតបទាន់ពេលវេលា ទៅនឹងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហើយបានចែករំលែកបទពិសោធន៍ ដល់ប្រទេសដទៃផងដែរ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក Takeshi kasai បានអបអរសាទរជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

លោក បានធ្វើការកត់សម្គាល់នៅចំណុចមួយចំនួន រួមមាន៖ ទី១- កម្ពុជាដើរជាគំរូនៅក្នុងក្របខ័ណ្ឌតំបន់និងពិភពលោកក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន ,ទី២- កម្ពុជាជាប្រទេសគំរូ ក្នុងការតាមដានវិភាគ និងឆ្លើយតបទាន់ពេលវេលាទៅនឹងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះបានចែករំលែកបទពិសោធន៍ដល់ប្រទេសដទៃផងដែរ។

លើសពីនេះ លោក Takeshi kasai ក៏ប្ដេជ្ញាចិត្តធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នឹងជំងឺដទៃទៀតដូចជា ជំងឺគ្រុនចាញ់  ជំងឺថ្លើម ជំងឺលើសឈាម និងជំងឺដទៃទៀត រួមទាំងការទប់ទល់ការប្រើប្រាស់ថ្នាំជក់ផងដែរ។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ លោក Takeshi kasai ដែលបានរំលឹកអំពីវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍អំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមរយៈអភិក្រមផ្ការីក ហើយនៅពេលនេះ កម្ពុជា កំពុងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចាក់ដូសជំរុញព្រោះថា ការចាក់ត្រឹមតែដូសមូលដ្ឋាន គឺមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩ នោះទេ៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ