នាយករដ្ឋមន្ត្រីកម្ពុជា ៖ ជម្លោះដ៏លំបាកបំផុត ក៏អាចត្រូវបានដោះស្រាយ តាមរយៈការគោរពគ្នាទៅវិញទៅមក ការអត់ធ្មត់ និងតាមរយៈការទូត
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី២០ នៅទីក្រុងគូឡាឡាំពួ បានលើកឡើងថា ជម្លោះដ៏លំបាកបំផុត ក៏អាចត្រូវបានដោះស្រាយតាមរយៈការគោរពគ្នាទៅវិញទៅមក ការអត់ធ្មត់ និងតាមរយៈការទូត។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះ «សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ទីក្រុងកូឡាឡាំពួររវាងកម្ពុជានិងថៃ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបានបង្ហាញនូវសក្ខីភាពដ៏មានឥទ្ធិពល សូម្បីតែជម្លោះដ៏លំបាកបំផុត ក៏អាចត្រូវបានដោះស្រាយតាមរយៈការគោរពគ្នាទៅវិញទៅមក ការអត់ធ្មត់ និងតាមរយៈការទូត។ ភាពជោគជ័យនេះ គឺជាលទ្ធផលនៃបទឈប់បាញ់ដែលប្រទេសទាំងពីរបានខិតខំប្រឹងប្រែងបង្កើត និងប្រកាន់យ៉ាងខ្ជាប់ខ្ជួន ដោយមានការចូលរួមគាំទ្រពីដៃគូទាំងឡាយ»។
បើតាមក្រសួងការបរទេស សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះម៉ាឡេស៊ី ក្នុងការសម្របសម្រួលកិច្ចសន្ទនាដោយផ្ទាល់ និងប្រកបដោយភាពស្ថាបនា, និងចំពោះសហរដ្ឋអាម៉េរិកក្នុងការជំរុញឱ្យមានការបញ្ឈប់អរិភាព និងការគាំទ្រឱ្យមានកិច្ចព្រមព្រៀងស្តីពី បទឈប់បាញ់, និងចិនចំពោះការរៀបចំកិច្ចសន្ទនាក្រៅផ្លូវការជាបន្តបន្ទាប់ ក្នុងគោលដៅលើកកម្ពស់ ការស្វែងយល់ដឹងពីគ្នា និងជំរុញឱ្យមានការដោះស្រាយដោយសន្តិវិធី។
សូមជម្រាបថា ការចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ» រវាងកម្ពុជានិងថៃ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាសាក្ស៉ី និងសម្របសម្រួលដោយនាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម៕






