ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាឲ្យបន្តពង្រឹងបន្ថែមទៀត លើការទប់ស្កាត់ និងបង្រ្កាបក្រុមក្មេងទំនើង គឺ «មិនអាចដកថយនោះឡើយ»
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងឲ្យខ្លាំងបន្ថែមទៀត លើបង្ការ ទប់ស្កាត់ និងបង្រ្កាបក្រុមក្មេងទំនើងគឺ «មិនអាចដកថយនោះឡើយ»។
ការដាក់បទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការប្រចាំខែតុលា លើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥ និងប្រកាសកែសម្រួលសមាសភាព ក្រុមការងារ ទទួលព័ត៌មានទាន់ហេតុការណ៍( HOTLINE ) ជនបរទស នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានវាយតម្លៃខ្ពស់ចំពោះកងកម្លាំងនគរបាលរាជធានីភ្នំពេញ អំពីការខិតខំបំពេញភារកិច្ចគ្រប់ផ្នែកគ្រប់ជំនាញ បានអនុវត្តវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទមានប្រសិទ្ធភាពខ្ពស់ដែលនាំឲ្យបទល្មើសមានការថយចុះ។ លោក ស្នងការ ក៏បានណែនាំឲ្យបន្តក្តាប់សភាពការណ៍បទល្មើស និងធ្វើការវាយតម្លៃចំពោះរាល់សភាពការណ៍នានា ដើម្បីគ្រប់គ្រង និងធ្វើការដោះស្រាយឲ្យទាន់ពេលវេលា។
លោក ស្នងការ ក៏បានដាក់បទបញ្ជាឲ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ ត្រូវបន្តពង្រឹង ឲ្យខ្លាំងបន្ថែមទៀតលើ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង គឺមិនអាចដកថយនោះឡើយ និងក៏បានបន្តជំរុញកិច្ចការងារបង្ក្រាបគ្រឿងញៀន ,ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសលួច ឆក់ ប្លន់ ផងដែរ។ ពិសេស បន្តបញ្ចេញកម្លាំងចុះទៅសម្រួលចរាចរណ៍ ដើម្បីបង្កលក្ខណៈងាយស្រួលជូនការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅគោលដៅនានា ដែលប្រឈមនឹងការកកស្ទះ៕

