ទីស្ដីការក្រសួងមហាផ្ទៃ ៖ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ អ៊ីវ វាសនា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ និងពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារព័ត៌មាន និងផ្សព្វផ្សាយអប់រំ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ លោកប្រធានស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ, លោកនាយ នាយរងការិយាល័យ និងមន្ដ្រីជំនាញជាច្រើនរូបទៀត។

បន្ទាប់ពីធ្វើរបាយការណ៍ដោយសង្ខេបរបស់ លោកប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងលោកប្រធានស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ រួចមក លោកឧត្តមសេនីយ៍ទោ អ៊ីវ វាសនា បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ ក្នុងការបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យជាទីមោនៈនាពេលកន្លងមក។

ដោយទទួលបានណែនាំពី ឯកឧត្តម អគ្គនាយក, លោកឧត្តមសេនីយ៍ទោ អ៊ីវ វាសនា បានណែនាំ ដល់អង្គប្រជុំ ត្រូវយកចិត្តទុកដាក់ពិនិត្យឲ្យបានម៉ត់ចត់លើខ្លឹមសារមាតិកាដែលបានផលិតមុននឹងចេញផ្សាយ រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រី ព្រមទាំងបង្កើនការផលិតនូវកម្មវិធីល្អៗបន្ថែមទៀតដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ