សម្ដេចតេជោ ប្រកាសឲ្យចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសទី៥ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៩ មិថុនា តទៅ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា ការចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសទី៥ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ តទៅ ព្រោះថា ការចាក់វ៉ាក់សាំងមិនតែជួយបង្ការជំងឺកូវីដ-១៩ប៉ុណ្ណោះទេ ថែទាំងរួចផុតពីជំងឺរាតត្បាតផ្សេងផងដែរ។
តាមរយៈសារសំឡេងរបស់ សម្ដេចតេជោ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ឥទ្ធិពលនៃវ៉ាក់សាំងដែលប្រជាពលរដ្ឋទទួលបាននាពេលកន្លងទៅ សរុបប្រមាណជាង ១៥លាននាក់ ក្នុងចំណោះប្រជាពលដ្ឋកម្ពុជាជាង ១៦លាននាក់។
សម្ដេចតេជោ បន្ដថា គណៈកម្មាធិការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ក៏បានលើកជាផែនការចាក់វ៉ាក់សាំងចំពោះប្រជាពលរដ្ឋចាក់វ៉ាក់សាំងទី៤ រួចហើយ ក្នុងនោះ រួមមាន៖ មន្ដ្រីការទូត អ្នកសារព័ត៌មាន សិល្បៈករ ខណៈអ្នកចាក់ដូសទី៤រួចរាល់ហើយមានជាង កន្លះលាននាក់។
សម្ដេចតេជោ បញ្ជាកថា «ខ្ញុំ បានសម្រេចតាមរយៈសំណើររបស់លោកជំទាវ ឱន វណ្ណឌីន ប្រធានគណៈកម្មាធិការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស គឺដូសជំរុញ ដូសទី៥ នឹងត្រូវចាប់ផ្ដើមចាក់ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២នេះ តទៅ។ គឺសម្រាប់អ្នកចាក់ដូសទី៤ រួចហើយ ត្រូវមានគម្លាតពីដូសទី៤ មកដូសទី៥ រយៈពេលយ៉ាងទិចចំនួន ៣ខែ»។
លើសពីនេះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្ដថែរក្សាស្ថានភាពល្អប្រសើរ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការការពារខ្លួន ជាមួយនឹងការទទួលយកវ៉ាក់សាំង ហើយត្រូវចាក់វ៉ាក់សាំងតាមការកំណត់របស់ក្រុមគ្រូពេទ្យ៕EB