ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា ទោះបីមានការឆ្លងជំងឺកូវីដ-១៩ ថ្មីក៏ដោយ គឺគ្មានការចាំបាច់បិទប្រទេសឡើងវិញឡើយ ដោយសារតែបានចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា។

នេះជាប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលពីធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ទោះបីជាមានករណីឆ្លងឡើងវិញ គ្មានហេតុផលណាមួយត្រូវបិទផ្សារ បិទសាលារៀន និងបិទរោងចក្រនោះទេ ព្រោះបានចាក់វ៉ាក់សាំងអស់ហើយ មិនចំាបាច់បិទប្រទេសទេ អ្នកឆ្លងទៅព្យាបាលទៅ ហើយឱ្យអ្នកលក់បន្តទៅ គ្មានការចាំបាច់បិទប្រទេសឡើងវិញទេ អ្វីដែលខ្ញុំត្រូវការ សូមបងប្អូនមកទទួលវ៉ាក់សាំង ពីក្រសួងសុខាភិបាល នោះហើយ គឺជាការល្អសម្រាប់យើង គ្មានអ្វីល្អជាងវ៉ាក់សាំងទេ»។

លើសពីនេះ សម្តេចតេជោ ក៏បាន  ក្រើន រំលឹក ដល់ ប្រជាពលរដ្ឋ ខ្មែរទូទាំងប្រទេសឲ្យបន្តបង្កើនការប្រុងប្រយ័ត្ន ពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈ ដែល នៅតំបន់ អឺរ៉ុប រួមមាន៖ បារាំង ,អ៊ីតាលី និងអេស្ប៉ាញកំពុងទទួលករណី ឆ្លងរលកទី៧ នៃការ ឆ្លងរីករាល ដាល ជំងឺកូវីដ-១៩។

សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ បន្ត អនុវត្តន៍ វិធាន ការ សុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ