កូរ៉េខាងត្បូង៖ ព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតដែលបានវាយបក់ មកលើប្រទេសកូរ៉េខាងត្បូងបានបំផ្លាញផ្លូវថ្នល់ និងខ្សែបណ្ដាញអគ្គិសនីបណ្ដាលឱ្យលំនៅឋានចំនួន ២ម៉ឺនខ្នងគ្មានអគ្គិសនីប្រើប្រាស់ ខណៈមនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញទៅកាន់ទីទួលសុវត្ថិភាព។

 មន្ត្រីកូរ៉េខាងត្បូងបានដាក់ប្រទេសក្នុងការប្រុងប្រយ័ត្ន ចំពោះការបំផ្លាញដែលអាចកើតមានដោយទឹកជំនន់ បំណាក់ដី និងរលកសមុទ្រដែលនាំមកដោយព្យុះ Hinnamnor ដែលបានកើតឡើងប៉ុន្មានជាច្រើនសប្តាហ៍ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ជុំវិញរដ្ឋធានីសេអ៊ូលបង្កឱ្យមានទឹកជំនន់ បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៤នាក់ស្លាប់។

ព្យុះទីហ្វុង Hinnamnor បានបោកបក់មកលើរមណីយដ្ឋានកោះ Jeju ហើយបានបណ្ដាលឲ្យមានបំណាក់ដីនៅជិតកំពង់ផែដីគោកទីក្រុង Busan និងកំពុងបក់ឆ្ពោះទៅភាគឦសានទៅកាន់សមុទ្រ ដោយមានល្បឿនខ្យល់បក់រហូតដល់ ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង។

 ព្យុះនេះកំពុងធ្វើដំណើរទៅកាន់តែជិតភាគខាងកើតប្រទេសចិន បន្ទាប់ពីសេវានាវាចម្លងនៅភាគខាងកើតប្រទេសចិន និងជើងហោះហើរក្នុងប្រទេសជប៉ុនត្រូវបានផ្អាកកាលពីថ្ងៃមុន។

ក្នុងនោះផងដែរ នាយករដ្ឋមន្ត្រីលោក Han Duk-soo បានអំពាវនាវឱ្យមានការជម្លៀសពលរដ្ឋ នៅក្នុងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ ដោយនិយាយថា ព្យុះ Hinnamnor អាចបញ្ចប់ទៅក្លាយជាព្យុះទីហ្វុងដ៏ខ្លាំងក្នុងប្រវត្តិសាស្ត្រ ដែលយើងមិនធ្លាប់ជួបប្រទះពីមុនមក។ សាលារៀនជាង ៦០០កន្លែងត្រូវបានបិទទ្វារ ឬប្តូរទៅជារៀនតាមប្រព័ន្ធអនឡាញ ហើយជើងហោះហើរជាង ២៥០ និងសេវានាវាចម្លងត្រូវបានផ្អាក ខណៈទូកនេសាទជាង ៦៦,០០០គ្រឿងត្រូវបានជម្លៀសមកកាន់កំពង់ផែ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ