កូរ៉េខាងត្បូងជំរុញឱ្យមានការពង្រឹងទំនាក់ទំនងជាមួយជប៉ុន ក៏ដូចជា សន្តិភាពជាមួយកូរ៉េខាងជើង ក្នុងខួបនៃទិវាសេរីភាពរបស់ប្រទេស
SEOUL៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយកាលពីថ្ងៃចន្ទថា កូរ៉េខាងត្បូងត្រូវតែយកឈ្នះលើជម្លោះនៃប្រវត្តិសាស្ត្រជាមួយប្រទេសជប៉ុន និងត្រូវសម្រេចអោយបានសន្តិភាពជាមួយប្រទេសកូរ៉េខាងជើង ដែលជាជំហានសំខាន់ៗឆ្ពោះទៅរកការពង្រឹងស្ថិរភាព និងសន្តិសុខនៃតំបន់អាស៊ីខាងជើង។
ថ្លែងនៅក្នុងពិធីរំលឹកខួបនៃឆ្នាំ ១៩៤៥ នៃការបញ្ចប់អាណានិគមរបស់ប្រទេសជប៉ុននៃឧបទ្វីបកូរ៉េ លោក Yoon Suk-yeol បាននិយាយថា ទីក្រុងតូក្យូបានក្លាយជាដៃគូក្នុងការដោះស្រាយការគំរាមកំហែងដល់សេរីភាពពិភពលោក ហើយបានជំរុញឱ្យប្រទេសទាំងពីរយកឈ្នះលើជម្លោះដែលមានតាំងពីសម័យនោះអោយបាន។
ជាក់ស្តែង លោកបានថ្លែងនៅក្នុងសុន្ទរកថាដែលបានរៀបចំថា "នៅពេលដែលទំនាក់ទំនងកូរ៉េ-ជប៉ុន ឆ្ពោះទៅរកអនាគតរួមគ្នា ហើយនៅពេលដែលបេសកកម្មនៃពេលវេលារបស់យើងស្របគ្នា ដោយផ្អែកលើតម្លៃសកលរួមរបស់យើង វាក៏នឹងជួយយើងដោះស្រាយបញ្ហាប្រវត្តិសាស្ត្រផងដែរ" ។
យ៉ាងណាម៉ិញ ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមានភាពតានតឹងជុំវិញជម្លោះ ដូចជា ការចោទប្រកាន់របស់កូរ៉េថា ជប៉ុនបានបង្ខំស្ត្រីឱ្យធ្វើការនៅក្នុងផ្ទះបនក្នុងសម័យសង្គ្រាមសម្រាប់ពួកយោធារបស់ខ្លួន និងការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ក្នុងចំណោមការរំលោភបំពានផ្សេងៗទៀត។
ប៉ុន្តែដោយឡែក លោក Yoon Suk-yeol ដែលជាអ្នកអភិរក្សដែលបានចូលកាន់តំណែងកាលពីខែឧសភា បានប្តេជ្ញាថានឹងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសជប៉ុន។
លោកបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយលើវិស័យនានាចាប់ពីសេដ្ឋកិច្ច និងសន្តិសុខ រហូតដល់ការផ្លាស់ប្តូរសង្គមនិងវប្បធម៌ ដើម្បីជួយរួមចំណែកដល់សន្តិភាព និងវិបុលភាពអន្តរជាតិ។ ជាងនេះទៅទៀត លោកបានសន្យាម្តងហើយម្តងទៀតក្នុងការផ្តល់ជំនួយដ៏ទូលំទូលាយដល់កូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាងបញ្ឈប់ការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយចាប់ផ្តើមដំណើរការ "ពិតប្រាកដនិងជាក់លាក់" នៃការលុបបំបាត់អាវុធបែបនេះ។ "យើងនឹងអនុវត្តកម្មវិធីអាហារខ្នាតធំ ផ្តល់ជំនួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ការផលិតថាមពល ការបញ្ជូន និងចែកចាយ និងអនុវត្តគម្រោងដើម្បីធ្វើទំនើបកម្មកំពង់ផែ និងព្រលានយន្តហោះសម្រាប់ពាណិជ្ជកម្មអន្តរជាតិ" លោកបានបញ្ជាក់បន្ថែម។
គួររំលឹកថា កូរ៉េខាងត្បូងក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយលើកកម្ពស់ផលិតភាពកសិដ្ឋានរបស់អ្នកជិតខាង ធ្វើទំនើបកម្មមន្ទីរពេទ្យ និងបរិក្ខារពេទ្យ និងចាត់វិធានការសម្រាប់ការវិនិយោគអន្តរជាតិ និងជំនួយហិរញ្ញវត្ថុ លោកបានបន្ថែមនៅក្នុងការបកប្រែជាភាសាអង់គ្លេសនៃសុន្ទរកថារបស់លោក។ NR