ភ្នំពេញ ៖ ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ សមត្ថកិច្ចនគរបាលជាតិ បានចុះបង្ក្រាបក្មេងទំនើងសរុប១៩ករណី ឃាត់ខ្លួនមនុស្ស៧០នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន៦ករណី ឃាត់ខ្លួនជនងប់ល្បែង និងអ្នកពាក់ព័ន្ធចំនួន៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ករណីទាំងនោះ សមត្ថកិច្ចបានអនុវត្តតាមវិធានការច្បាប់ ដោយចាប់បញ្ជូនក្រុមក្មេងទំនើងទាំងអស់ទៅតុលាការតែម្ដង។  ចំណែកអ្នកប្រព្រឹត្តល្បែង២នាក់ក៏បានបញ្ជូនទៅតុលាការ និងមួយចំនួនទៀត កំពុងស្វែងរកចាប់ខ្លួន។ លោក ទូច សុឃៈ បន្តថា ករណីក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់នោះ មានក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពត កំពង់ស្ពឺ បាត់ដំបង ក្រចេះ ពោធិ៍សាត់ រតនគិរី និងខេត្តកោះកុង។

លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំមន្ត្រីនគរបាលយុត្តិធម៌ពង្រឹងការធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ បើតាមអ្នកនាំពាក្យដដែល បទបញ្ជានេះ មានកម្មវត្ថុធានាឱ្យបានថាក្រុមក្មេងទំនើងនឹងប្រឈមទណ្ឌកម្មតាមផ្លូវច្បាប់ ឱ្យសមនឹងអំពើអុកឡុកសង្គមដែលពួកគេបានប្រព្រឹត្ត។

វិធានការនេះ ក៏នៅមិនទាន់គ្រប់គ្រាន់ដែរ។ លោក ទូច សុឃៈ បានឱ្យដឹងទៀតថា ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិត្រៀមសហការជាមួយក្រសួងយុត្តិធម៌ ពិនិត្យលទ្ធភាពស្នើធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទណ្ឌកម្មបន្ថែមឱ្យកាន់តែធ្ងន់ធ្ងរ ក្នុងទោសពាក់ព័ន្ធនឹងករណីក្មេងទំនើងទៀតផង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ