ផ្សោតឈ្មោលពេញវ័យមួយក្បាលប្រទះឃើញងាប់អណ្ដែតនៅចម្ងាយប្រមាណ ៣៦គីឡូម៉ែត្រ ពីប៉ែកខាងក្រោមនៃអន្លង់ផ្សោតកាំពី ខេត្តក្រចេះ
ក្រចេះ៖ ផ្សោតឈ្មោលពេញវ័យមួយក្បាលទម្ងន់ ៩៣គីឡូក្រាម ដែលមានប្រវែង ២១៥សង់ទីម៉ែត្រ ត្រូវបានប្រទះឃើញងាប់អណ្ដែតនៅចម្ងាយប្រមាណ ៣៦គីឡូម៉ែត្រ ពីប៉ែកខាងក្រោមនៃអន្លង់ផ្សោ តកាំពី ខេត្តក្រចេះ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ផ្ដល់ដោយអង្គការ WWF។
ផ្សោតដែលងាប់មួយក្បាលនេះ មានស្នាមរបួសនៅលើកន្ទុយ និងមានស្នាមឆូតវែងមួយនៅផ្នែកខាងក្រោម នៃព្រុយខ្នងរបស់វា។ សត្វផ្សោតនេះ ងាប់រយៈពេល ២ថ្ងៃហើយ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវសត្វផ្សោត នៃរដ្ឋបាលជលផល និងអង្គការWWF មិនទាន់អាចសន្និដ្ឋានថា តើការស្លាប់នេះ បណ្ដាលមកពីការជាប់មងនេសាទ ឬយ៉ាងណានោះទេ។
WWF បញ្ជាក់ថា ចំនួនផ្សោតងាប់បានកើនឡើងគួរឱ្យព្រួយបារម្ភ ខណៈផ្សោតពេញវ័យភាគច្រើន ងាប់ដោយសារជាប់មង ទោះបីរដ្ឋាភិបាល ចេញវិធានការហាមឃាត់ការប្រើប្រាស់មងនេសាទ ក្នុងដែនជម្រករបស់សត្វផ្សោតទន្លេក៏ដោយ។ នេះជាសត្វផ្សោពេញវ័យទី៣ បានងាប់ក្នុងរយៈពេល ៥ខែឆ្នាំ២០២២នេះ។ ឆ្នាំ២០២២នេះ ក្រុមអ្នកស្រាវជ្រាវ ក៏បានកត់ត្រា ពីការបាត់បង់ជីវិតរបស់កូនផ្សោត ២ក្បាលទៀតផងដែរ។
សូមបញ្ជាក់ថា សត្វផ្សោតត្រូវបានចាត់ថ្នាក់ថា ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ខណៈការគំរាមកំហែងជាសកលខ្ពស់។ ក្នុងឆ្នាំ២០២០ សត្វផ្សោត ត្រូវបានគេប៉ាន់ប្រមាណថា នៅសេសសល់ត្រឹមតែ ៨៩ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងដែនជម្រក តាមដងទន្លេមេគង្គប្រវែង ១៨០ គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា៕SP