ស្ទឹងត្រែង ៖ ឆ្មាំទន្លេ និងសហគមន៍ឃុំព្រះរំកិល បានរាយការណ៍ថា មានសត្វផ្សោតមួយក្បាលទម្ងន់ជាង ១០០ គីឡូក្រាម ងាប់អណ្តែតទឹកទើរនៅក្នុងគុម្ពោធព្រៃ កន្ទុយភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ កាលពីថ្ងៃទី២២ ខែមេសាឆ្នាំ ២០២១។

លោកស្រី សម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ដីទី ខេត្តស្ទឹងត្រែង បានប្រាប់ឲ្យថា ក្រៅពីទទួលបានព័ត៌មាននេះ មន្ត្រីជលផលស្ទឹងត្រែង បានសហការជាមួយអង្គការអភិរក្សសត្វផ្សោត wwf ចុះទៅពិនិត្យឃើញថាសត្វផ្សោតមួយក្បាល ដែលងាប់នោះ គឺជាផ្សោតដែលមានវ័យចំណាស់។ មិនជាប់ពាក់ព័ន្ធទៅនឹងការដាក់ម៉ង របស់អ្នកនេសាទទេ។ វាមានវ័យប្រហែល ២០ ឆ្នាំហើយ។


ធ្មេញរបស់វាសឹករិចរេលអស់ហើយដែរ។ មាឌរាងស្គមទម្ងន់ជាង ១០០ គីឡូក្រាម ប្រវែងមួយម៉ែត្រពីរទឹក។ អំឡុងនៃការស្លាប់អាចមានរយៈពេលពី ៥ ទៅ ៧ ថ្ងៃមកហើយ។ យើងមើលឃើញថាសាច់របស់វា មានសភាពស្អុយរលួយ។ គេមិនអាចកំណត់ថាផ្សោតនោះ គឺជាផ្សោតញីឬក៏ឈ្មោលទេ។ អ្នកវិទ្យាសាស្រ្តក៏ដូចជាជំនាញខាងអង្គការ wwf មិនអាចកំណត់ថាផ្សោតញី ឬឈ្មោលបានឡើយ។ គេអាចកំណត់ថាវាមានវ័យ ប្រហែល២០ ឆ្នាំ ដោយសារបានដាក់លេខកូដ នៅជាប់នឹងខ្លួនផ្សោត។


តាមការសន្និដ្ឋានជាបឋម បានបង្ហាញថា មូលហេតុសត្វផ្សោតមួយក្បាល បានងាប់នោះ អាចបណ្ដាលមកពីវាមានវ័យចំណាស់ នឹងមានជំងឺ។ អាជ្ញាធរឃុំព្រះរំកិល បានសុំគ្រប់យ៉ាងរក្សាទុក។ ចំណែកសច្ចៈរបស់សត្វផ្សោត ត្រូវបានមន្ត្រីយកទៅកប់ចោល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ