ក្រសួងសុខាភិបាលទទួលស្គាល់ថាពិតជាមាន ករណីជនជាតិវៀតណាមម្តាយនិងកូនប្រុស បានលួចចេញពីការធ្វេីចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេច មកខេត្តកំពង់ឆ្នាំង ពិតប្រាកដមែន
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលទទួលស្គាល់ថាពិតជាមាន ករណីជនជាតិវៀតណាមដែលជាស្ត្រីអាយុ ៣៧ឆ្នាំ និងកូនប្រុសអាយុ ១៣ឆ្នាំ បានលួចចេញពីការធ្វេីចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេច មកខេត្តកំពង់ឆ្នាំងពិតប្រាកដមែន។
លោកជំទាវ ឱ វណ្ណឌីន : ស្ត្រីជនជាតិវៀតណាមរូបនេះ ជាអ្នករស់នៅនៅភូមិប្រាសាទ(ភូមិថ្មី) ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចាកចេញពីកម្ពុជា មុនពេលចូលឆ្នាំខ្មែរ ទៅរស់នៅទល់ដែន កម្ពុជា-វៀតណាម ឌិញបា(តាមគាត់ប្រាប់) ហេីយដោយសារមិនអាចរកសុីបាននៅទីនោះ គាត់ក៏បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ។
នៅវេលាម៉ោងប្រហែលជា ០៥ព្រឹក ពេលចូលដល់កម្ពុជា គាត់និងកូនគាត់ ត្រូវបានក្រុមការងារនៅមាត់ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រីធ្វេីការត្រួតពិនិត្យសុខភាព ដែលមិនមានរោគសញ្ញា ឫបញ្ហាសុខភាពណាមួយ ដែលគួរឲ្យកត់សម្គាល់នោះឡេីយ។ ដោយអនុវត្តវិធានការសុខាភិបាលក្រុមគ្រូពេទ្យ បានដឹកស្ត្រី និងកូននេះ តាម រថយន្តពេទ្យ មកធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេចនៃខេត្តព្រៃវែង ។
នៅម៉ោង ប្រហែលជា ០០:៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យបានទៅពិនិត្យមេីលស្ថានភាពរបស់គាត់ ឃេីញមានសភាពធម្មតា ហេីយនៅម៉ោង ០៥:៣០នាទីព្រឹក ក្រុមគ្រូពេទ្យបានទៅពិនិត្យម្តងទៀត តែមិនឃេីញស្ត្រីរូបនេះ និងកូនគាត់នៅក្នុងបន្ទប់ឡេីយ។
ដូច្នេះ ស្រ្តីជនជាតិវៀតណាមរូបនេះ បានសម្រេចចិត្តនាំកូនចាកចេញពីមន្ទីរពេទ្យនេះ តាំងពីមុនម៉ោង ០៥:៣០ព្រឹកនៃថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ដោយមិនប្រាប់ក្រុមគ្រូពេទ្យយាមប្រចាំការនៅក្នុងមន្ទីរពេទ្យនេះឡេីយ ។ បេីតាមរបាយការណ៌របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលទទួលបាននៅវេលាម៉ោង១៨:០០នាទីនៃថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញថា ស្ត្រី និងកូនប្រុសខាងលេី បានចាកចេញពីមន្ទីរពេទ្យព្រះស្តេចនៃខេត្តព្រៃវែង នៅវេលាម៉ោងប្រហែលជាជិត ០៥ព្រឹកនៃថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ រួចបានឡើងឡានក្រុង មករាជធានីភ្នំពេញ និងប្រហែលជាម៉ោងជាង ០៨ព្រឹក បានបន្តដំណើរដោយរថយន្តឈ្នួលមកខេត្តកំពង់ឆ្នាំង មកដល់ក្បាលថ្នល់សែបម៉ោងប្រហែលជាង ១០ព្រឹកនៃថ្ងៃដដែល និងបានបន្តទៅភូមិប្រាសាទដែលជាទីកន្លែងដែលគាត់រស់នៅដោយម៉ូតូឌុប។
ស្ត្រីរូបនេះក៏បានអះអាងផងដែរថា នៅផ្ទះរបស់គាត់ៗមិនបានជួបជាមួយបងប្អូនគាត់ទេ ដោយរូបគាត់និងកូនប្រុស ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកកំពង់ត្រឡាចនៃខេត្តកំពង់ឆ្នាំង ដឹកមកដល់មណ្ឌលចត្តាឡីស័កកំរិត២សាលាគំរូក្រុង ប្រហែលម៉ោង ១៧:៣០នាទី នៃថ្ងៃដដែល ។ ក្រុមការងារបានពិនិត្យកំដៅគាត់ និងកូនគាត់ ឃេីញធម្មតា គ្មានសញ្ញាក្អក ឈឺក ឫ ហត់ ដែលគួរឲ្យចាប់អារម្មហ៌នោះឡេីយ។
ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងក៏បានអប់រំនិង ណែនាំពន្យល់ស្ត្រីរូបនេះ ក្នុងការអនុវត្តធ្វើចត្តាឡិស័កឲ្យគ្រប់ចំនួន ១៤ថ្ងៃ ដោយរាប់សារឡេីងវិញ និងដោយមានការសន្យាថាមិនរត់ទៀតទេ។ ក្រុមការងារ និងបន្តការអនុវត្តច្បាប់ដែលមានជាធរមានចំពោះបុគ្គលដែលមិនគោរពតាមវិធានការចត្តាឡីស័កនេះ។
លទ្ធផលតេស្តលេីកទី១ របស់គាត់ និងកូនគាត់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ គឺអវិជ្ជមានវីរុសកូវីដ-១៩ ទាំងពីរនាក់ តែក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងបន្តតាមដានសុខភាពគាត់ និងកូនគាត់ដោយយកចិត្តទុកដាក់បំផុត។