ភ្នំពេញ ៖ រដ្ឋសភាវៀតណាម បានផ្តល់ជូនរដ្ឋសភាកម្ពុជានូវម៉ាស ចំនួន១២កេស ស្មើនឹងម៉ាស ចំនួន៣០ពាន់ សម្រាប់ចែកជូនប្រជាពលរដ្ឋ ក្នុងការការពារជំងឺ កូវីដ-១៩។

ពិធីទទួលនិងប្រគល់ម៉ាសដែលជាជំនួយរបស់រដ្ឋសភាវៀតណាមនេះ បានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី២០ ខែឧសភា  ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ដដោយមានការចូលរួមពីលោកឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា លោកឡោយ ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា និង លោក Vu Quang Minh ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ 

ពិធីនេះមានការចូលរួមជាសាក្សីពី គណ:កម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវ:និងកិច្ចការនារីនៃរដ្ឋសភាដឹកនាំដោយ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការផងដែរ។

លោក ឡេង ប៉េងឡុង ក្នុងនាមថ្នាក់ដឹកនាំរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាវៀតណាម  ដែលផ្តល់អំណោយម៉ាសនាពេលនេះដល់សភាកម្ពុជា។អំណោយនេះពិតជាបានជួយបំពេញនូវតម្រូវការខាងមធ្យោបាយប្រយុទ្ធទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវនោះ។ 

លោកអគ្គលេខាធិការ បានគូសបញ្ជាក់ថា អំណោយនេះពិតមែនតែមិនមានចំនួនច្រើន ប៉ុន្តែវាតំណាងឲ្យមនោសញ្ចេតនាមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិយើងទំាងពីរ កម្ពុជា-វៀតណាម។អំណោយនេះគឺជាសក្ខីភាពថ្មីមួយទៀតក្នុងចំណោមកាយវិការដ៏ច្រើន ក្នុងរយៈពេលកន្លងមក ដែលប្រជាជាតិទំាងពីរបានបណ្តុះបណ្តាលកសាងនិងពង្រឹងឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព ការជួយគ្នាទៅវិញទៅមក ដែលសម្បតិ្តរួមដ៏ថ្លៃថ្លារបស់ប្រជាជាតិយើងហើយ ដែលជាមូលដ្ឋានគ្រឹះបម្រើឲ្យការរស់នៅជាអ្នកជិតខាងល្អ ប្រកបដោយសុខសន្តិភាពនឹងការរីកចម្រើននៃប្រទេសទំាងពីរ។

សូមជម្រាបថានៅពេលនេះកម្ពុជាពុំមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ។អ្នកជំងឺទំាង១២២នាក់ដែលបានរកឃើញបានព្យាបាលជាសះស្បើយនិងបានចេញពីមន្ទីរពេទ្យអស់ហើយ។ ប៉ុន្តែទំាងថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលនៅតែទទូចសូមឲ្យពលរដ្ឋបន្តការប្រុងប្រយ័ត្នធ្វើអនាម័យជាប្រចំា ដោយត្រូវលាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ពាក់ម៉ាសនិងមិនគួរចេញពីផ្ទះបើមិនមានការចំាបាច់ត្រូវរក្សាគម្លាតសង្គម ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ១៩នេះដល់សហគមន៍។បើទោះបីកម្ពុជាមិនមានករណីឆ្លងថ្មី តែហានីភ័យនៅតែមានខ្ពស់ដោយសារប្រទេសជិតខាង និងសកលលោកនៅតែប្រឈមជាមួយនឹងកូវីដ១៩ជារៀងរាល់ថ្ងៃ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ