ភ្នំពេញ ៖ ទោះបីកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ ទាំង១២២នាក់ ជាសះស្បេីយអស់ និងមិនមានអ្នកឆ្លងថ្មីក៏ដោយ ក៏មិត្តដែកថែបចិន នៅតែប្រកាសបន្តផ្ដល់ជំនួយជាសម្ភារៈទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ ដល់កម្ពុជា ។ នេះបើយោងតាមហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា។
ជាក់ស្ដែងនាថ្ងៃទី១៩ ខែឧសភា សហព័ន្ធប្រជាជនចិនក្រៅប្រទេស (សភាពាណិជ្ជកម្មចិនក្រៅប្រទេស) នៃទីក្រុងថៃចូវ ខេត្តជាំងស៊ូ ប្រទេសចិន បានផ្តល់ម៉ាស់ការពារសម្រាប់ប្រើមួយលើកចំនួន១០០០០ម៉ាស់ និង៦០០០ម៉ាស់ ជូនដល់សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាប្រចាំខេត្តសៀមរាប និងមន្ទីរពេទ្យអន្តរជាតិអង្គរ។
នាថ្ងៃខែដដែល សភាពាណិជ្ជកម្មខេត្តជឹជាំងប្រទេសចិនប្រចាំប្រទេសកម្ពុជា បានប្រគល់ម៉ាស់សម្រាប់ប្រើមួយលើកចំនួន១០០០០ម៉ាស់ ទឹកលាងដៃចំនួន៣០០០ដប អាកុលវេជ្ជសាស្រ្តជាង៥០០០ដបនិងសម្ភារៈទប់ស្កាត់ផ្សេងទៀតដែលបានប្រមូលនិងផ្តល់ដោយសភាពណិជ្ជកម្ម និងទីក្រុងលីស៊ួយ ខេត្តជឹជាំង ប្រទេសចិន ជូនចំពោះក្រសួងទេសចរណ៍កម្ពុជា។
នាថ្ងៃខែដដែល សភាពាណិជ្ជកម្មខេត្តហ្វូជានប្រទេសចិនប្រចាំប្រទេសកម្ពុជា បានផ្តល់ម៉ាស់ការពារសម្រាប់ប្រើមួយលើកចំនួន៧កេះ និងថ្នាំLIANHUA QINGWEN JIAONANGចំនួន១កេះ ជូនដល់សាលារៀនប៊ិនសៀងនៃសមាគមនិកាយចិនហុកគៀនកម្ពុជា និងព្រមទាំងបានផ្តល់ម៉ាស់សម្រាប់កុមារចំនួន៤០០០ម៉ាស់ម៉ាស់ការពារសម្រាប់ប្រើមួយលើកចំនួន៤០០០ម៉ាស់ និងថ្នាំLIANHUA QINGWEN JIAONANGចំនួន៤០០ប្រអប់ ជូនដល់សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា៕ E B