បាងកក៖ ជនជាតិវៀតណាមមួយក្រុម បានបើកទូក ចូលទៅនេសាទ ដោយខុសច្បាប់ នៅក្នុងដែនទឹករបស់ប្រទេសថៃ ស្ថិតក្នុងឈូងសមុទ្រ ហើយក៏ត្រូវបានអាជ្ញាធរ នៃប្រទេសអាស៊ានមួយនេះ ចាប់ដុតកម្ទេចចោល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bangkok Post នៅថ្ងៃទី១២ កញ្ញា ២០២២។

អាជ្ញាធរថៃ កាលពីថ្ងៃអាទិត្យ បានចាប់ទូកនេសាទរបស់ជនជាតិវៀតណាម ដែលបានចូលទៅនេសាទ នៅក្នុងដែនទឹករបស់ខេត្តសុងក្លា (Songkhla) ស្ថិតក្នុងឈូងសមុទ្រថៃ។

មន្រ្ដី នៃតំបន់កងទ័ពជើងទឹកទី២ បានចេញដឹកនាំកម្លាំងចេញល្បាត នៅតំបន់ណារ៉ាធីវ៉ាត-កោះលូស៊ីន-សុងក្លា (Narathiwat-Koh Losin-Songkhla) ក៏បានប្រទះឃើញទូកនេសាទ ចំនួន២គ្រឿង ស្ថិតក្នុងដែនទឹករបស់ប្រទេសថៃ នាវេលាម៉ោង៨ព្រឹក ថ្ងៃអាទិត្យ។ ភ្លាមៗនោះ ទូកនេសាទខុសច្បាប់របស់ជនជាតិវៀតណាម ទាំង២គ្រឿងនោះ បាននាំគ្នាបើករត់ នៅក្នុងទិសដៅផ្សេងគ្នា ទើបកម្លាំងល្បាត ដេញតាមចាប់។

អាជ្ញាធរថៃ បានបញ្ជាក់ថា ជនជាតិវៀតណាម ចំនួន៥នាក់ ត្រូវបានចាប់ខ្លួន នាំឡើងនាវាល្បាតរបស់ថៃ និង រឹបអូសបានទូកមួយគ្រឿង។ ក្រោយមក ទូកនេសាទខុសច្បាប់របស់ជនជាតិវៀតណាម ចំនួន១គ្រឿងនោះ ក៏ត្រូវដុតចោល លិចចូលទៅក្នុងបាតសមុទ្រ។

យ៉ាងណាមិញ ក្រោយការឃាត់ខ្លួនរួចមក អាជ្ញាធរថៃ បានបញ្ជូនអ្នកនេសាទជនជាតិវៀតណាម ទាំង៥នាក់នោះ ទៅកាន់មូលដ្ឋានកងទ័ពជើងទឹក Songkhla ហើយពួកគេនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទ ចូលនេសាទ ដោយខុសច្បាប់ នៅក្នុងដែនទឹករបស់ប្រទេសថៃ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ