មីយ៉ាន់ម៉ា៖ យោងតាមទំព័រហ្វេសប៊ុកនិងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកនាំពាក្យម្នាក់នោះបានឱ្យដឹងថា លោក Yuki Kitazumi ដែលមានអង្គភាពផ្សព្វផ្សាយផ្ទាល់ខ្លួន និងធ្លាប់ជាអ្នកសារព័ត៌មាន ឱ្យសារព័ត៌មានជប៉ុនប្រចាំថ្ងៃ Nikkei ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃសុក្រនេះ។

អ្នកនាំពាក្យនៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា ប៉ូលីសមីយ៉ាន់ម៉ាបានចាប់ខ្លួនអ្នកកាសែតជនជាតិជប៉ុនម្នាក់ នៅឯកន្លែងមានការតវ៉ាមួយនៅក្នុងរដ្ឋធានីពាណិជ្ជកម្ម Yangon ហើយនេះជាការចាប់ខ្លួនអ្នកកាសែតបរទេសជាលើកដំបូង ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធានៅថ្ងៃទី០១ ខែកុម្ភៈ។ 

លោក Linn Nyan Htun អ្នកនាំពាក្យ និងជាសហសេវិករបស់អ្នកកាសែតនោះបាននិយាយថា៖«យោងទៅតាមសាក្សី គាត់ត្រូវបានគេវាយចំក្បាល ប៉ុន្តែគាត់ពាក់មួកសុវត្ថិភាពដូច្នេះវាមិនបណ្តាលឱ្យគាត់មានគ្រោះថ្នាក់អ្វីទេ»។ នៅក្នុងទំព័រហ្វេសប៊ុកប្រកាសអំពីការចាប់ខ្លួនអ្នកកាសែត លោកបានប្រាប់រ៉យទ័រតាមទូរស័ព្ទថា៖ «ខ្ញុំមិនបានឃើញទេប៉ុន្តែខ្ញុំបានទទួលសារពីគាត់តាមរយៈកម្មវិធីផ្ញើសារនៅម៉ោងប្រហែល ១១ និង ៣០ នាទីព្រឹក នៅពេលដែលគាត់ត្រូវបានចាប់ខ្លួន។ បន្ទាប់ពីនោះខ្ញុំបានបាត់បង់ទំនាក់ទំនងជាមួយគាត់»។

ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុនលោក Katsunobu Kato បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រទេសជប៉ុននៅតែព្យាយាមបញ្ជាក់ការពិតនៅពីក្រោយហេតុការណ៍នេះ។ ចំណែកប៉ូលីសមីយ៉ាន់ម៉ាមិនបានឆ្លើយតបការហៅទូរស័ព្ទដើម្បីស្វែងរកការអត្ថាធិប្បាយទេ។ 

គួររំលឹកដែរថា ប្រទេសមីយ៉ាន់ម៉ាមានការតវ៉ាជាច្រើនសប្តាហ៍មកហើយ ចាប់តាំងពីកងទ័ពបានដណ្តើមអំណាចពីមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី ហើយបានឃុំខ្លួនលោកស្រី និងរដ្ឋាភិបាលរបស់លោកស្រីជាច្រើន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ