ក្រសួងការពារជាតិកម្ពុជា បន្តស្នើសុំយ៉ាងទទូចឲ្យថៃដោះលែងកងទ័ពទាំង ១៨រូប ដែលថៃចាប់ទៅ ប្រគល់មកកម្ពុជាវិញឲ្យបានឆាប់
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានបន្តស្នើសុំយ៉ាងទទូចដល់ភាគីថៃ ឲ្យដោះលែងនូវទាហាន កម្ពុជាទាំង១៨នាក់ ដែលថៃចាប់ទៅក្រោយមានកិច្ចព្រមព្រៀងឈប់បាញ់ ប្រគល់ឲ្យកម្ពុជាវិញឲ្យបានឆាប់ៗ ខណៈកម្ពុជា បានគោរពយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតចំពោះកិច្ចព្រមព្រៀងឈប់បាញ់នេះ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ថ្នាក់ដឹកនាំកម្ពុជាបានកំពុងបន្តយកចិត្ត ទុកដាក់បំផុតដើម្បីធ្វើការចរចាជាមួយភាគីថៃ ឲ្យមានការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨នាក់ ដែលថៃចាប់ទៅ។
សូមបញ្ជាក់ថា ទាក់ទងនឹងវីរកងទ័ពកម្ពុជា ចំនួន១៨នាក់ ដែលស្ថិននៅក្រោមការគ្រប់គ្រងរបស់ទាហានថៃនេះដែរ កម្ពុជា បានស្នើឲ្យម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេននោះឲ្យជួយអន្តរាគមន៍ ដើម្បីជំរុញឲ្យភាគីថៃឆាប់បញ្ជូនពួកគាត់ឲ្យមកកម្ពុជាវិញឲ្យបានឆាប់ៗនេះផងដែរ។
លោកស្រី អ្នកនាំពាក្យ ក៏បានលើកឡើងទៀតថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយខណៈទាហាខ្មែរចំនួន១៨នាក់ ដែលទាហានថៃចាប់ទៅនេះបានកំពុងបន្តធ្វើការចរចា យ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់រាជរដ្ឋាភិបាល ដើម្បីសុខសុវត្ថិភាពរបស់ពួកគេនោះ។
ទាក់ទងនឹងទាហានកម្ពុជាទាំង១៨រូប ដែលទាហានថៃចាប់ទៅនេះដែរ នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏ បានផ្ញើលិខិតទៅកាកបាទក្រហមអន្តរជាតិ ដើម្បីជួយអន្តរាគមន៍ដល់បងប្អូនទាហានកម្ពុជា១៨រូប ដែលថៃចាប់ក្រោយបទឈប់បាញ់នេះផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកម្ពុជាអំពាវនាវយ៉ាងទទូច ដល់ភាគីថៃត្រូវបញ្ជូនពួកគេមកវិញ ឲ្យបានឆាប់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ៕