លោក លី ម្យុងបាក់ អតីតប្រធានាធិបតីកូរ៉េខាងត្បូង នឹងត្រូវទទួលទោសជាប់ពន្ធនាគារ១៧ឆ្នាំ ពីបទពុករលួយ
អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ម្យុងបាក់ (Lee Myung-bak) បានចេញដំណើរទៅកាន់ពន្ធនាគារនៅថ្ងៃចន្ទនេះ បន្ទាប់ពីតុលាការក្រុងសេអ៊ូល បានកាត់ទោសរូបលោកឲ្យជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំពីបទពុករលួយ និងបិទការប្តឹងឧទ្ធរណ៍ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០២ ខែវិច្ឆកា ឆ្នាំ២០២០។
លោក Lee អតីតប្រធានាធិបតីកូរ៉េខាងត្បូង ដែលធ្លាប់បានកាន់អំណាចចន្លោះពីឆ្នាំ២០០៨-២០១៣ ក្នុងវ័យ ៧៨ឆ្នាំទៅហើយនេះ លោក Lee នឹងអាចបាត់បង់ជីវិតនៅក្នុងពន្ធនាគារតែម្តង លុះត្រាតែលោកទទួលបានការលើកលែងទោស ដោយផ្ទាល់ពីប្រធានាធិបតីកូរ៉េខាងត្បូង។ លោក Lee បានចាកចេញពីលំនៅដ្ឋានរបស់លោក នៅភាគខាងត្បូងទីក្រុងសេអ៊ូលដោយរថយន្តពណ៌ខ្មៅ ឆ្លងកាត់ក្រុមអ្នកកាសែត និងអតីតជំនួយការជាច្រើននាក់ ប៉ុន្តែលោកមិនបាននិយាយអ្វីទាំងអស់។ លោក Lee ត្រូវបានសមត្ថកិច្ចនាំខ្លួន យកទៅការិយាល័យអយ្យការប្រចាំទីក្រុងសេអ៊ូល ដើម្បីចុះបញ្ជីមុននឹងផ្ទេរទៅកាន់ពន្ធនាគារ នៅភាគខាងកើតនៃរដ្ឋធានី។
គួររំលឹកថា លោក Lee ធ្លាប់បានដឹកនាំប្រទេសកូរ៉េខាងត្បូង ឆ្លងកាត់វិបត្តិសេដ្ឋកិច្ចពិភពលោក នៅចន្លោះឆ្នាំ២០០៨-២០០៩ និងឈ្នះការដេញថ្លៃកីឡាអូឡាំពិករដូវរងារឆ្នាំ២០១៨ ប៉ុន្តែលោកត្រូវបានគណបក្សប្រឆាំងរិះគន់ថា លោកបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ស្ថាប័នប្រជាធិបតេយ្យ និងសេរីភាពនៃការបញ្ចេញមតិ។
តុលាការកំពូលបានសម្រេចកាត់ទោសលោក Lee ឲ្យជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំ ពីបទកឹបកេងប្រាក់ចំនួន ២៥.២ពាន់លានវ៉ុន (ប្រហែលជា ២២លានដុល្លារ) និងទទួលយកសំណូកសរុបចំនួន ៩.៤ពាន់លានវ៉ុន។ បន្ថែមពីលើនេះ លោក Lee ក៏ត្រូវរងការពិន័យជាប្រាក់ ១៣ពាន់លានវ៉ុន ក៏ដូចជាការដកហូតទ្រព្យសម្បត្តិចំនួន ៥.៧ពាន់លានវ៉ុនផងដែរ៕SP