កាកបាទក្រហមអន្តរជាតិ បញ្ជាក់ថា យោធិនកម្ពុជាទាំង ១៨នាក់ ដែលត្រូវបានឃុំខ្លួនដោយភាគីថៃ កំពុងមានសុវត្ថិភាព ហើយសុខភាពល្អទាំងអស់គ្នា
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា តាមកាកបាទក្រហមអន្តរជាតិ ដែលបានចុះសួរសុខទុក្ខយោធិនទាំង១៨នាក់ បានបញ្ជាក់ថា យោធិនកម្ពុជាទាំង១៨នាក់ ដែលត្រូវបានឃុំខ្លួនដោយភាគីថៃនោះ គឺកំពុងមានសុវត្ថិភាព ហើយសុខភាពល្អទាំងអស់គ្នា។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥។
កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ លោក Lloyd Gillett ប្រតិភូកងទ័ពថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនោះ លោក Lloyd Gillett ក៏បានចែករំលែកផងដែរ នូវព័ត៌មានអំពីការចុះសួរសុខទុក្ខនាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមាន។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ដូច្នេះថា៖ «ចំពោះការចុះសួរសុខទុក្ខរបស់គណៈកម្មការ កាកបាទក្រហមអន្តរជាតិ ICRC បានទទួលព័ត៌មាន យោធិននៃកងយោធពលខេមរៈភូមិន្ទ ដែលដែលស្ថិតនៅក្រោមការឃុំឃុំខ្លួនរបស់ភាគីថៃនេះគឺមានសុវត្ថិភាព និងសុខភាពល្អទាំងអស់គ្នា»។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ, កម្ពុជាស្នើឲ្យភាគីថៃ ចាប់បញ្ជូនកងកម្លាំងរបស់យើងទាំង១៨ រូប ឱ្យត្រឡប់មកវិញឲ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ កងយោធពលខេមរភូមិន្ទសូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ខ្លួននឹងមិនទុកសមាជិកណាម្នាក់ចោលនោះទេ ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ កម្ពុជាសង្ឃឹមថាភាគីថៃ នឹងដោះលែងយោធិនកម្ពុជាទាំង១៨ រូប ឱ្យបានឆាប់ ស្របទៅតាមការអំពាវនាវរបស់ប្រទេសជាដៃគូ និងអន្តរជាតិ។
អ្នកនាំពាក្យក្រសួងការពារជាតិបាន បានអះអាងថា កម្ពុជាប្ដេជ្ញាយ៉ាច្បាស់លាស់ និងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តប្រកបដោយឆន្ទៈ និងស្មោះត្រង់ ក្នុងនាមជាសមាជិករបស់សហគមន៍អន្តរជាតិ ដែលមានការទទួលខុសត្រូវ និងគោរពច្បាប់ ដើម្បីធានាអនវុត្តបទឈប់បាញ់ ប្រកបដោយប្រសិទ្ធភាព និងពេញលេញ និងដោះស្រាយវិវាទដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអាស៊ាន៕